រាជធានីភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញសេចក្ដីណែនាំ លេខៈ ០៤ សណន របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីការពង្រឹងការគ្រប់គ្រង បញ្ជូនឬចែករំលែកឯកសារផ្ទៃក្នុង មានវេទយិតភាពខ្ពស់ និងសម្ងាត់ពាក់ព័ន្ធសមត្ថកិច្ចទីស្ដីការគណៈរដ្ឋមន្រ្តី ដល់គ្រប់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី និងគ្រប់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្តី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
យោងលិខិតបានឱ្យដឹងថា “ក្នុងគោលបំណងធានាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៃការគ្រប់គ្រង បញ្ជូន ឬចែករំលែកឯកសារ ទាំងឡាយណាដែលមានវេទយិតភាពខ្ពស់ និងសម្ងាត់ ផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី សូមធ្វើការណែនាំ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក ទាំងអស់ នៃទីស្តីការគណៈរដ្ឋមន្រ្តី មេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជួន”។
លិខិតបន្តថា គោលការណ៍ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននោះមាន ចំនួន ៣(បី) សំខាន់ៗ
ទី១- មិនអនុញ្ញាតឱ្យបញ្ជូន ឬចែករំលែកឯកសារ ដែលជាកិច្ចការផ្ទៃក្នុង ឬមានលក្ខណៈរសើប និងសម្ងាត់ តាមគ្រប់រូបភាព ជាពិសេស តាមមធ្យោបាយប្រព័ន្ធអេឡិចត្រូនិក ឬតាមកម្មវិធីបណ្ដាញទំនាក់ទំនង សង្គមនានា។
ទី២- ត្រូវបង្កើនការប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រង បញ្ចូន ឬ ចែករំលែក ឯកសារសំខាន់ៗគ្រប់ប្រភេទ ជាពិសេស លិខិតបទដ្ឋានស្តីពីការតែងតាំង ឬលិខិតបទដ្ឋានឯកត្តបុគ្គល នានា ដែលមិនមានលក្ខណៈបម្រើប្រយោជន៍រួម ទៅកាន់បុគ្គល ឬសាធារណជនដែលគ្មានការពាក់ព័ន្ធ ព្រមទាំងចៀសវាងការចែកចាយឯកសារដោយអាណាធិបតេយ្យ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ ឬជះឥទ្ធិពលអវិជ្ជមានមកលើទីស្ដីការគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល។
ទី៣- ត្រូវពង្រឹងការអនុវត្តក្រមសីលធម៌មន្ត្រីរាជការ តាមរយៈការប្រតិបត្តិឱ្យកាន់តែសកម្ម ចំពោះកាតព្វកិច្ច មន្ត្រីរាជការ ជាពិសេស ការរក្សាការសម្ងាត់វិជ្ជាជីវៈ ដោយមិនត្រូវផ្ដល់ព័ត៌មានអំពីកិច្ចការក្នុងមុខងារ ផ្លូវការរបស់ខ្លួន ដល់បុគ្គលខាងក្រៅ ឬសាធារណជន ដោយពុំមានការអនុញ្ញាតពីប្រធានស្ថាប័ន។
លិខិតដែលចេញដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បញ្ជាក់ច្បាស់ថា “ក្នុងករណីមន្ត្រីរូបណាអនុវត្តផ្ទុយពីគោលការណ៍ខាងលើ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ ដោយអនុលោម តាមច្បាប់ស្តីពីសហ័លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង សូមឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវអនុវត្ត តាមសេចក្ដីណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ”៕នាគស