រាជធានីភ្នំពេញ៖ ស្ត្រីពីរនាក់ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស ប្ដឹងឱ្យសមត្ថកិច្ចចាប់ ជនសង្ស័យពាក់ព័ន្ធករណីថតរឿងរបស់ពួកនាងហើយធ្វើឱ្យបែកធ្លាយវីដេអូរឿងនោះ តាមបណ្ដាញទំនាក់ទំនងតេលេក្រាម និងបណ្ដាញសង្គមនានាផងដែរ។ នេះបើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា កម្លាំងបានចុះមកបង្រ្កាបករណីផលិតវីដេអូអាសអាភាស នៅចំណុចអគារខុនដូរមួយកន្លែង ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់មនុស្សបានចំនួន២៩នាក់ ជនជាតិចិន និងខ្មែរ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
សមត្ថកិច្ចបន្តថា ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមនិង សម្ភារផលិតរឿងមួយចំនួនទៀតផងដែរ។ ហើយនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនមេក្លោង និងបក្ខពួកសរុប១០នាក់ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ជូនតំណាងអយ្យការ ដើម្បីបន្តនីតិវិធី៕នាគស