Saturday, September 21, 2024

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ រួមជាមួយគ្រឿងញៀន ជាង ១០គីឡូក្រាម 

ខេត្តបាត់ដំបង៖ អនុវត្តបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ និង បង្ក្រាបបទល្មេីស កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបង្រ្កាបករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង១៨ និង ១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។

ប្រភពថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំងនោះមាន៖

១-ឈ្មោះ ប៊ូ សុផាត (ហៅហ៊ុល) ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២-ឈ្មោះ លី ធារិទ្ឋ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា ក្នុងបេសកកម្មនេះកម្លាំងអាវុធហត្ថ យកបានវត្ថុតាងគ្រឿងញៀនប្រភេទ(ម៉ាទឹកកក ICE) ចំនួន ២៥ កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ ក្រាម, រថយន្ត ០១ គ្រឿង, ទូរស័ព្ទដៃ ០២ គ្រឿង ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញ របស់កងរាជអាវុធហត្ថខេត្តបាត់ដំបង បាននឹងកំពុងបន្តអនុវត្តតាមនីតិវិធី៕KD

ប្រភព៖ ប្រយុទ្ធ

ព័ត៌មានពេញនិយម