Saturday, November 23, 2024

ពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន

ខេត្តសៀមរាប៖ ពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយមានការអញ្ជើញជាអធិបតី ដោយ លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លីវ ប្រធានមន្ទីរព័ត៌មានខេត្ត និងជាទីប្រឹក្សាក្រសួងព័ត៌មាន លោកអនុប្រធានមន្ទីរព័ត៌មាន ប្រធាន អនុប្រធានការិយាល័យចំណុះឲ្យមន្ទីរព័ត៌មាន និងមានការចូលរួមដោយអ្នកសារព័ត៌មានឯកជនជុំវិញខេត្តប្រមាណជិត ១០០នាក់ នាព្រឹកថ្ងៃទៅ ២៦ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន ក្នុងនាមជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ស្វាគមន៍ ព្រមជាមួយការលើកឡើងពីវឌ្ឍនភាព នៃវិស័យព័ត៌មាន បញ្ហាប្រឈម កង្វ:ខាតធនធានមនុស្ស ឧបករណ៍ ថវិកា និងជាពិសេស ណែនាំឱ្យអ្នកសារព័ត៌មានត្រូវពង្រឹងចំណេះជំនាញ សរសេរព័ត៌មានឱ្យបានស៊ីជំរៅ ស៊ើបអង្កេតឱ្យបានច្បាស់ មិនសរសេរបែបប្រពៃណីបន្តទៀត និងត្រូវរួមគ្នាទប់ស្កាត់ព័ត៌មាន ក្លែងក្លាយ ឱ្យខានតែបាន។

លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បន្ទាប់ពីទទួលស្ដាប់នូវការលើកឡើងអំពីវឌ្ឍនភាព នៃវិស័យព័ត៌មានក្នុងខេត្ត របស់ឯកឧត្ដម ប្រធានមន្ទីរព័ត៌មានរួចមក លោកជំទាវ ក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្ត ក្រុមអ្នកសារព័ត៌មានឯកជនផ្សេងៗ ដែលបានសហការគជាមួយអាជ្ញាធរខេត្តបានល្អ ធ្វើការផ្សព្វផ្សាយអំពីវឌ្ឍនភាពសង្គម បញ្ជ្រាបព័ត៌មានពីថ្នាក់ខេត្តទៅមូលដ្ឋាន និងនាំយកព័ត៌មានពីថ្នាក់មូលដ្ឋានមកថ្នាក់ខេត្ត ដើម្បីឲ្យគណៈបញ្ជាការឯកភាពខេត្ត អាចធ្វើការដោះស្រាយបញ្ហាជូន បានទាន់ពេលវេលា។

លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្ត បានមានប្រសាសន៍បន្តផងដែរថា កន្លងមកអ្នកសារព័ត៌មានបានអនុវត្តបានល្អច្រើនហើយ តែនៅមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់អនុវត្តបានល្អ ទៅតាមច្បាប់ស្ដីអំពីរបបសារព័ត៌មាន និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅឡើយទេ។

លោកជំទាវ ម៉ននី រង្សី បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវផ្សាយអ្វីដែលជាការពិត ដែលស្របទៅតាមពាក្យស្លោករបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា « អ្នកព័ត៌មានមិនបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិត» និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយជំរុញ នូវវិស័យទេសចរណ៍ ហើយក៏មិនត្រូវផ្សាយនូវអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សង្គម ក្នុងនាមយើងជាខ្មែរដូចគ្នា។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងអធិបតីភាពដ៏ខ្ពង់ខ្ពស់ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់មន្ទីរព័ត៌មាន និង ក្រុមគ្រួសារអ្នកព័ត៌មានខេត្តសៀមរាបផងដែរ។

បន្ទាប់ពីការធ្វើបទបង្ហាញបន្ថែម អំពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន បន្តថា ដើម្បីឲ្យមានប្រសិទ្ធភាពការងារ និងលើកកម្ពស់វិស័យព័ត៌មាន អ្នកសារព័ត៌មានត្រូវចេះឆ្លុះកញ្ចក់ សួរខ្លួនឯងថាជាអ្នកណា? តើខ្លួនឯងកំពុងសរសេរអំពីអ្វី? និងជាពិសេសក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវតែគោរពក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ បញ្ជាក់ថា “ត្រូវកុំភ្លេចថា រាល់សកម្មភាពជាតិចេញពីភ្នំពេញមកគឺមកកាន់ខេត្តសៀមរាប ហើយខេត្តសៀមរាបកាន់តែមានសក្ដានុពល ដូច្នេះយើងត្រូវរួមកម្លាំងគ្នា សរុបកម្លាំងគ្នាធ្វើកិច្ចការងារ ដើម្បីយើងទាំងអស់គ្នា។ ហើយកិច្ចការងារនេះអាចប្រព្រឹត្តទៅបាន មន្ទីរព័ត៌មាន និងកម្លាំងអ្នកសារព័ត៌មាន ក៍ត្រូវចូលរួមក្នុងកិច្ចការងារកំណែទម្រង់ ធ្វើទំនើបកម្មវិស័យព័ត៌មាន ទាំងធនធានមនុស្ស និងបច្ចេកវិទ្យា ដើម្បីឱ្យដើរទាន់សម័យកាល និងកុំឱ្យគេមើលស្រាលលើវិស័យព័ត៌មាន”។

បន្ទាប់ពីទទួលបានការណែនាំ រួមជាមួយបទបង្ហាញ និងការសំណេះសំណាលលើកទឹកចិត្ត ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានមក គេសង្កេតឃើញថា បងប្អូនក្រុមគ្រួសារអ្នកសារព័ត៌មានប្រចាំខេត្តសៀមរាប មានភាពសប្បាយរីករាយ ហើយសន្យាចូលរួមជាមួយក្រសួងក្នុងការធ្វើកំណែទម្រង់វិស័យព័ត៌មាន និងចូលរួមផ្សព្វផ្សាយនូវសកម្មភាពដែលស្របទៅតាមស្ថានការណ៍បច្ចុប្បន្ន ព្រមទាំងរួមគ្នាលុបបំបាត់ នូវព័ត៌មានក្លែងក្លាយ ក្នុងគ្រប់រូបភាព៕នាគស

អត្ថបទ៖ នាគស

រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ព័ត៌មានពេញនិយម