ខេត្តសៀមរាប៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាបឆ្នាំនេះ ប្រាកដជាមានភាពសប្បាយខ្លាំងជាក់ជាមិនខាន ព្រោះលោកយាយ លោកតា អ៊ំ ពូ ម៉ីង ពុក ម៉ែ បង ប្អូន នឹងទទួលបាននូវ កម្មវិធីកំសាន្តជាច្រើន ដែលប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អ។ នេះបើយោងតាម កិច្ចប្រជុំពិភាក្សាលើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាបសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អ សម្រាប់ទាំងអស់គ្នា ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និងមេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង វិស័យឯកជនផងដែរ កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៣កន្លងទៅ។
បន្ទាប់ពីអនុគណៈកម្មការ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចំនួន ៧ បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនរួចមក ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ត្រូវយកចិត្តទុកដាក់ទៅលើរៀបចំក្លោងទ្វារ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ និង ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ និង បញ្ហាពាក់ព័ន្ធជាច្រើនទៀតសម្រាប់ឲ្យដំណោះការពិធីឱ្យដំណើរទៅដោយរលូននិងសប្បាយរីករាយ។
ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថាព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេីដោយមានរៀបចំនូវកម្មវិធីកម្សាន្តដូចជាការប្រកួតទូកបុរស នារី អុំទូកខ្នាតតូច ជិះទូកលេងកម្សាន្ត ផ្សារទឹក ការប្រគុំតន្ត្រី ប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ អកអំបុក បណ្តែតប្រទីប ការតាំងពិរពណ៌ និងកម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣។
ឯកឧត្តម បានស្នេីដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្មោធ្វើជាប្រទីបឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហេីយសូមបងប្អូនត្រូវធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ៕នាគស