រាជធានីភ្នំពេញ៖ សៀវភៅសិក្សាគោល មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម ត្រូវបានបញ្ចប់ការកែលម្អ ១០០% តាមតាមសូចនាករទាំង ៩ ហើយ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំស្តីពីការកែលម្អសៀវភៅសិក្សាគោល ដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។
សមាសភាពចូលរួមការពិនិត្យ និងកែលម្អសៀវភៅសិក្សាគោល មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម មានដូចជា៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នាយកដ្ឋានមធ្យម សិក្សាចំណេះទូទៅ នាយកដ្ឋានធានាគុណភាពអប់រំ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ សាកលវិទ្យាល័យភូមិន្ទ កសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អតីតអ្នកនិពន្ធនៃក្រសួងអប់រំ យុវជន និងកីឡា គ្រូបង្រៀនល្អ។
ក្រសួងអប់រំយុវជន និងកីឡាថា ការពិនិត្យ និងកែលម្អសៀវភៅសិក្សាគោល មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម ធ្វើឡើងដោយយោងតាមតាមសូចនាករ ៩ ដែលមានដូចជា ៖
១- កែលម្អត្រឹមរង្វង់ ២០% ទៅ៣០%
២- រៀបចំលំដាប់លំដោយចំណងជើងជំពូក និងមេរៀន ដោយបន្ស៊ីខ្លឹមសារនៃការកែលម្អទៅនឹងកម្មវិធីសិក្សា ថ្មី ឆ្នាំ២០១៨
៣- កែសម្រួលបច្ចេកសព្ទ អក្ខរាវិរុទ្ធ ឃ្លា ល្បះ រូបមន្ត និមិត្តសញ្ញា
៤- ធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀន
៥- ផ្លាស់ប្តូររូបភាពមួយចំនួន ពីសខ្មៅទៅជាពណ៌ធម្មជាតិ
៦- កែសម្រួលសំណួរ និងលំហាត់ឱ្យសមស្របទៅតាមតេស្ដ PISA
៧- កែសម្រួលមេរៀនពីទម្រង់បែបខ្លឹមសារ (Content) ទៅជាបែបប្បញ្ញត្តិ(Concept)
៨- បញ្ចូលវិធីសាស្ត្របង្រៀន
៩- បញ្ជ្រាបប្រធានបទសំខាន់៤គឺ គោលនយោបាយឈ្នះ ឈ្នះ (គុណតម្លៃថ្ងៃ ៧មករា) ទស្សនៈស្នេហាជាតិ ការអប់រំបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងការអប់រំពលរដ្ឋសកល។
ក្រសួងអប់រំយុវជន និងកីឡាបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបានបញ្ចប់ការកែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាខាងលើបាន១០០% ហើយ៕នាគស