រាជធានីភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើត និងចាត់តាំងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការចំនួន ៥រូប ជាក្រុមអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមលិខិតលេខ ៣០ ស.ស.រ របស់ទីស្ដីការគណៈ:រដ្ឋមន្ត្រី ដែលចេញកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
លិខិតថា ក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានសមាសភាពដូចខាងក្រោម៖
១- ឯកឧត្តម អេង ទូច រដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យ ជាប្រធាន
២- ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ អនុប្រធាន
៣- ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ អនុប្រធាន
៤- លោកជំទាវ អ៊ុង ច័ន្ទសោភា អនុរដ្ឋលេខាធិការ សមាជិក
៥- ឯកឧត្តម ម៉ក់ រ៉េនីតា អនុរដ្ឋលេខាធិការ សមាជិក។
លិខិតបន្តថា ក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖
•ដឹកនាំ គ្រប់គ្រង ធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំសេចក្តីបំភ្លឺ សេចក្ដីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ទំនាក់ទំនងនិងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ សហការជាមួយអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិ។
•ស្រាយបំភ្លឺចំណោទបញ្ហានានាដែលកើតមានឡើងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្តី រៀបចំសន្និសីទសារព័ត៌មាននានាជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្តី។
•ស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងទីស្ដីការគណៈរដ្ឋមន្ត្រី។
•បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
លិខិតបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយកខុទ្ទកាល័យ ប្រធានគ្រប់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕នាគស