Saturday, November 23, 2024

អនុវិទ្យាល័យ សៀង ណាំ សំបួរ បានធ្វើការប្រគល់ថវិកាជាតិ PB ជិត ៤លានរៀល ដល់សិស្សក្រីក្រ ៤៧នាក់ នៅជុំទី៣

ខេត្តសៀមរាប៖ អនុវិទ្យាល័យ សៀង ណាំ សំបួរ បានធ្វើការប្រគល់ថវិកាជាតិ PB ចំនួន ៣០៧៦០០០០៛ (បីលានប្រាំពីសែនប្រាំមួយម៉ឺនរៀល) ដល់សិស្សក្រីក្រ ចំនួន ៤៧នាក់ ក្នុងនោះសិស្សស្រីមានចំនួន ២៦នាក់ នៅជុំទី៣ ក្រោមអធិបតីភាពរបស់ លោក ជា ណារ៉ុង មន្ត្រីការិយាល័យមធ្យមសិក្សា ដែលជាតំណាងរបស់ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួម ដោយសមាជិកក្រុមប្រឹក្សាសង្កាត់សំបូរ, លោក សយ នី នាយរងប៉ុស្តិ៍ និងកម្លាំងនគរបាលរដ្ឋបាលសង្កាត់សំបួរ អាណាព្យាបាល សិក្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ នេះ។

បន្ទាប់ពី លោក វ៉ាត កុស នាយក អនុវិទ្យាល័យ សៀង ណាំ សំបូរ បានឡើងធ្វើការ រៀបរាប់អំពីវឌ្ឍនភាពរបស់សាលារួចមក លោក ជា ណារ៉ុង ក្នុងនាមជាតំណាងរបស់ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ក៏បានធ្វើការថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃសាលាអនុវិទ្យាល័យ សៀង ណាំ សំបួរ ដែលបានពុះពារអស់កម្លាំងកាយចិត្ត ធ្វើឲ្យសាលាមួយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោក ជា ណារ៉ុង បានបន្តថា សិក្សានុសិស្សដែលទទួលបានអាហារូបករណ៍នៅពេលនេះ សុទ្ធសឹងតែជាអ្នកដែលជាប់ក្នុងលក្ខខណ្ឌ ជាក់ស្ដែង និងជាជម្រើស ដែលថ្នាក់ជាតិបានកំណត់ឱ្យ ក្នុងនោះសិស្សានុសិស្សត្រូវតែជាអ្នកមានជីវភាពក្រខ្សត់ពិតប្រាកដ ជាសិស្សដែលរៀនជាប់មធ្យមភាគប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ និងជាពិសេសជាសិស្សដែលគោរពវិន័យសាលាបានខ្ជាប់ខ្ជួន។

លោក ជា ណារ៉ុង បានបញ្ជាក់ផងដែរថា ការជោគជ័យក្នុងវិស័យអប់រំមួយនេះ មិនពឹងផ្អែកទៅលើតែសាលារៀនមួយមុខប៉ុណ្ណោះទេ តែក៏មានការចូលរួមពីអាណាព្យាបាល មជ្ឈដ្ឋានជុំវិញ និងសិក្សានុសិស្សខ្លួនឯង ដែលភ្ញាក់រលឹក និងតស៊ូចំពោះការសិក្សា។

លោក ជា ណារ៉ុង បានស្នើសុំឲ្យអាណាព្យាបាល ចូលរួមជាមួយនឹងសាលារៀន ជាមួយសហគមន៍ ជំរុញបន្ថែមឲ្យកូនៗ ខិតខំប្រឹងប្រែងសិក្សា ដើម្បីជាការចូលរួមជាមួយរដ្ឋរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរុងរឿងទៅថ្ងៃអនាគត។

នាឱកាសនោះផងដែរ លោក សយ នី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំបួរ ក៏បានធ្វើការបញ្ជ្រាបនូវ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុច ដល់សិក្សានុសិស្ស និងអាណាព្យាបាល ដើម្បីជាការចូលរួម ជាមួយគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ កិត្យានុភាព សេចក្ដីសុខសុវត្ថិភាព តម្លាភាព ប្រកបដោយជំនឿទុកចិត្ត នៅក្នុងមូលដ្ឋាននិងសង្គមជាតិទាំងមូលផងដែរ។

នាឱកាសនោះផងដែរ តំណាងអាណាព្យាបាលសិស្ស បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកនាយក លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ សៀង ណាំ សំបួរ អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប និងជាពិសេសថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់ជូនថវិកា ជាជំនួយសង្គ្រោះដល់សិស្សក្រីក្រ ដើម្បីជាការលើកកម្ពស់វិស័យអប់រំឲ្យកាន់តែល្អប្រសើរ។

តំណាងអាណាព្យាបាលសិស្សបានធ្វើការប្ដេជ្ញាចិត្ត ចូលរួមជាមួយសហគមន៍ ចូលរួមជាមួយសាលារៀន ដើម្បីជំរុញ និងលើកកម្ពស់ការសិក្សាកូនៗរបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ៕នាគស

ព័ត៌មានពេញនិយម