Monday, November 25, 2024

លោក ចាន់ ថន នឹងប្ដឹងលោក ផែង វណ្ណៈ ទៅតុលាការពីបទៈ បរិហារកេរ្តិ៍ ជេរប្រមាថ និងគំរាមកំហែង

រាជធានីភ្នំពេញ៖ នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»លោក ចាន់ ថន បានចាត់ឱ្យមេធាវី រៀបចំបែបបទឯកសារ ភស្ថតាង ដើម្បីប្ដឹង លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា៣០៥, ៣០៧ និងមាត្រា២៣២ នៃក្រមព្រហ្មទណ្ឌ។នេះបើយោងតាមការបញ្ជាក់ពីលោក ចាន់ ថន មក អង្គភាពសារព័ត៌មានគូលែន នៅប្រលបថ្ងៃទី១៨ តុលា ឆ្នាំ២០២៣នេះ។

លោក ចាន់ ថន បានឱ្យដឹងថា បុគ្គលដែលលោកគ្រោងនឹងប្ដឹងនោះ គឺមានឈ្មោះលោក ផែង វណ្ណៈ ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរជាចាងហ្វាងការផ្សាយ Pheng Vannak News។

លោក ចាន់ ថន ថ្លែងបន្តថា “ការប្ដឹងបុគ្គលរូបនេះ នឹងមានដាក់បញ្ចូលភស្ថតាង-អង្គហេតុចំនួន៥ដូចជាៈ

ទី១៖ Clipសំឡេងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

២៖ clip Video ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

៣៖ Clip Video ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

៤៖ សំណេរថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

និងទី៥៖ សំណេរនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣”។

លោក ចាន់ ថនបានបញ្ជាក់ ថារូបលោកនឹងស្នើសុំឱ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ធ្វើការចោទប្រកាន់លើឈ្មោះ ផែង វណ្ណៈ តាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង ដើម្បីកុំឱ្យបុគ្គលរូបនេះ ប្រព្រឹត្តបទល្មើសបរិហារកេរ្តិ៍ ជេរប្រមាថ និងគំរាមកំហែង គេឯងតទៅទៀត។

សូមជម្រាបជួនផងដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បាន Reply គណនី Telegram លោក ចាន់ ថន ក្នុងគ្រុប «យុត្តិធម៌ព័ត៌មាន» ដោយនិយាយប្រមាថថា “ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ជះរបស់ចោរបំផ្លាញធម្មជាតិ”។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់ បែរជាលោក ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថា “ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច”។

បន្ទាប់មកទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយប្រមាថតិះដៀលថា “ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួត ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត” ដោយថែមទាំងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ស្របពេលដែលលោក ចាន់ ថន ទៅផ្សាយបកស្រាយភាគីទំនាស់ លើចិញ្ចើមផ្លូវ។

បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត “រហេមរហាម” ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។

មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បាន Reply គណនីTelegram របស់ លោក ចាន់ ថន ក្នុងគ្រុប «យុត្តិធម៌ព័ត៌មាន» ដោយសរសេរប្រមាថថា “រហេមរហាមដូចហែងគ្មានមុខស្អី មកភ្នាល់ជាមួយអញទេ”។

ក្នុងនោះលោក ផែង វណ្ណៈ បានគំរាមនិងបញ្ជាមកកាន់លោក ចាន់ ថន ថា”បើនៅរហេមរហាមទេ ឈប់និយាយប៉ះអញ ប្រយ័ត្នខ្លួន អញអត់ដែលមានឈ្លោះជាមួយអារហាមឯងទេ អញព្រមានហែងពីម៉ោងនេះឈប់ប៉ះពាល់អញ អញជេរតែពួកខ្ចប់មមីសមាន់ដើរសុំលុយគេទេ បើហែងត្រឹមត្រូវនៅអោយស្ងៀម ហើយប្រយ័ត្នប្រយែងក្នុងការនិយាយប៉ះពាល់អញ”។

ទាក់ទិននឹងរឿងរ៉ាវនេះ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ (ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍) នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានលោក ផែង វណ្ណៈ ជាចាងហ្វាង។ ក្នុងនោះ លោក ផែង វណ្ណៈ ក៏បានចេញលិខិតសុំទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់នៅក្រសួងព័ត៌មាន។

ប៉ុន្តែបទល្មើសដែលលោក ផែង វណ្ណៈ ជេរប្រមាថតិះដៀល និងគំរាមកំហែង គឺលោក ចាន់ ថន ក៏ដូចជាអ្នកសារព័ត៌មានដទៃទៀត គ្រោងនឹងប្ដឹងទៅស្ថាប័នតុលាការ ដើម្បីទាមទាររកយុត្តិធម៌ផងដែរ។

រហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញមានការប្រតិកម្ម របស់ លោក ផែង វណ្ណៈ នៅឡើយទេ៕នាគក្រហម

ព័ត៌មានពេញនិយម