រាជធានីភ្នំពេញ៖ លោកឧកញ៉ាល្បីឈ្មោះមួយរូប ដែលគេស្គាល់ថាមាន ឈ្មោះ ឈាង រ័ត្ន អាយុ ៤០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន នឹងត្រូវជាស្វាមី របស់អ្នកនាង នួន សុន្ទរី ហៅស្រីអូនសម្រស់ធម្មជាតិ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃផងនោះ បានសម្រេចបញ្ចប់ជីវិត នៅក្នុងផ្ទះរបស់ខ្លួន លេខ១៤២ ផ្លូវ R១២ គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៤ និង ៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ហើយ។
សមត្ថកិច្ចថា លោកឧកញ៉ា ឈាង រ័ត្ន ដែលជាស្វាមីស្រីអូនសម្រស់ធម្មជាតិ ពិតជាបានស្លាប់បាត់បង់ជីវិតដោយសារចង់ក នៅក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតប្រាកដមែនប្រាកដមែន។
សមត្ថកិច្ចបន្តថា ឈ្មោះ ម៉ៅ សុីវន ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះថា “មុនពេលកើតហេតុនៅវេលាម៉ោង០៨ និង ១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ”។
ឈ្មោះ ម៉ៅ សុីវន បន្តថា “ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយ ក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញ ពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្ត រួចក៏ធ្វើដំណើរចេញទៅរាងខ្លួន”។
ឈ្មោះ ម៉ៅ សុីវន បន្ថែមថា “លុះរហូតដល់ម៉ោង ១៤ និង ៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង”។
ឈ្មោះ ម៉ៅ សុីវន បានអះអាងបញ្ជាក់ចំពោះមូលហេតុដែលឈានដល់ លោកឧកញ៉ា ឈាង រ័ត្ន បញ្ចប់ជីវិតដោយខ្លួនឯងនេះគឺលោកឧកញ៉ារូបនេះ ធ្លាប់មានវិបត្តិផ្លូវចិត្ត ដោយសារមានការលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រេច។
សមត្ថកិច្ចបញ្ជាក់ “យោងតាមការបំភ្លឺរបស់ ឈ្មោះ ម៉ៅ សុីវន ការពិនិត្យកន្លែងកើតហេតុ និងការធ្វើកោសលវិច្ច័យ សមត្ថកិច្ចយើងសន្និដ្ឋានបានថា ជនរងគ្រោះខាងលើ ពិតជាធ្វើអត្តឃាត ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន”។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ខប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះកើតហេតុខាងលើហើយ៕នាគស