ខេត្តសៀមរាប៖ យុវជនម្នាក់ចុះបត់ជើងតូច និងឈរជក់បារីភ្លេចខ្លួន ត្រូវចោរមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូទៅបាត់ ស្រាប់តែបំប៉ោងព័ត៌មានថាជាករណីកាប់ប្លន់យកម៉ូតូទៅវិញ។ នេះបើយោងប្រភពពីតាមសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី 10 ខែតុលា ឆ្នាំ 2023 នេះ។
សមត្ថកិច្ចថា ប្រជាពលរដ្ឋបានរាយការណ៍មកថា មានយុវជនម្នាក់ ឈ្មោះ រ៉ាន់ ប៊ុនរ័ត្ន ហៅ ឡយ អាយុ 21 ឆ្នាំ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្រែកយំផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ថាមានមនុស្ស 3នាក់ បានកាប់ និង ប្លន់យកម៉ូតូ Honda Dream ពណ៌ក្រហម ផ្លាកលេខ 1AK-9447 របស់គាត់ទៅបាត់ នៅត្រង់ចំណុចត្រពាំងល្ពៅ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលគាត់កំពុងជិះម៉ូតូ ចេញពីភូមិព្រះដាក់ ទៅកាន់ស្រុកពួក (កន្លែងធ្វើការ ) កាលពីវេលាម៉ោង 00 និង 10នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី 10 ខែតុលា ឆ្នាំ2023។
សមត្ថកិច្ចបន្តថា “បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំងកើតហេតុ និងនាំយុវជនខាងលើមកធ្វើការសាកសួរ”។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើការសួរនាំ ទើបដឹងថាយុវជនខាងលើ ជាមនុស្សដែលធ្លាប់មានបញ្ហាខួរក្បាលដោយសារដួលម៉ូតូកន្លងមក។
នៅចំពោះមុខសមត្ថកិច្ចយុវជន រ៉ាន់ ប៊ុនរ័ត្ន ហៅ ឡយ បានឆ្លើយរៀបរាប់ការពិតថា “ខណៈដែលខ្ញុំបើកបរម៉ូតូមកដល់ត្រង់ចំណុចខាងលើ ខ្ញុំបានឈប់ម៉ូតូហើយបត់ជើងតូច និងឈរជក់បារីភ្លេចខ្លួន ក៏ត្រូវចោរមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូម៉ាក Honda Dream ពណ៌ក្រហម ផ្លាកលេខ 1AK-9447 មួយគ្រឿងទៅបាត់។
យុវជន រ៉ាន់ ប៊ុនរ័ត្ន ហៅ ឡយ បានបន្តថា ដោយម៉ូតូខាងលើខ្លួនបានខ្ចីពី ឡេង លាងហាក់ និងមានការភ័យខ្លាចថាម្ចាស់ម៉ូតូខឹងនិងស្ដីបន្ទោសខ្លួន ដែលមានការធ្វើប្រហែសនោះ ក៏បង្កើតជាការយំស្រែកឆោឡោ ប្រាប់ប្រជាពលរដ្ឋ និងសមត្ថកិច្ចថា មានមនុស្ស 3នាក់ បានមកកាប់ និង ប្លន់យកម៉ូតូរបស់ខ្លួនទៅវិញ។
យុវជន រ៉ាន់ ប៊ុនរ័ត្ន ហៅ ឡយ បានបញ្ជាក់ថា មិនមានការកាប់ប្លន់នោះទេ ហើយក៏សំណូមពរដល់មហាជន មេត្តាកុំមានការភាន់ច្រឡំ ហើយខ្លួនក៏បានធ្វើការសុំទោសជាសាធារណៈ ចំពោះសមត្ថកិច្ចដែលខ្លួនបានប្រព្រឹត្តកំហុសដោយបំប៉ោងព័ត៌មាននេះឡើង។
សមត្ថកិច្ចបើបញ្ជាក់ថា នេះជាមេរៀនស្រាប់ ដែលកន្លងមកសមត្ថកិច្ច នៃក្នុងការរដ្ឋាននគរបាលខេត្តសៀមរាប តែងតែធ្វើសេចក្ដីជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាពិសេសយន្តជំនិះ សូមឱ្យមានការចាក់សោការពារបានត្រឹមត្រូវ ជៀសវាងជល់ខិលខូច លបលួចយកទ្រព្យសម្បត្តិរបស់បងប្អូនទៅ និងនាំឱ្យមានការសោកស្ដាយ។ ចំពោះសមត្ថកិច្ច តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងរិតបណ្ដឹង នូវកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេល។
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការអំពាវនាវសារជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ដែលរស់នៅនិងមកទស្សនាកំសាន្តភូមិសាស្ត្រខេត្តសៀមរាប មេត្តាចូលរួមជៀសវាងឲ្យបានជាដាច់ខាត នូវការបំប៉ោងព័ត៌មាន ដូចយុវជនខាងលើជាឧទាហរណ៍ស្រាប់ ដែលនាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថានភាព សុខសុវត្ថិភាពដ៏ល្អប្រសើរ នៅក្នុងខេត្តនេះ និងដល់ការខិតខំប្រឹងប្រែង របស់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដែលតែងតែព្យាយាមធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត នៅក្នុងខេត្តទេសចរណ៍មួយនេះ។
ចំពោះករណីលួចម៉ូតូ របស់យុវជនខាងលើ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននឹងកំពុងបើកការស៊ើបអង្កេត ស្វែងរក និងចាប់ចោរដែលមិនស្គាល់អត្តសញ្ញាណនោះហើយ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕នាគស