ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការបញ្ជាក់សង្កត់ធ្ងន់ និងណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វេីការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឱ្យខានតែបាន ដេីម្បីកុំឱ្យមានផលប៉ះពាល់ដល់សង្គម។
ថ្លែងបែបនេះ ក្នុងអំឡុងពេលដែល ឯកឧត្តម បានអញ្ជើញជាអធបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីនាយករងរដ្ឋបាល មន្ទីរ អង្គភាព និងកងកម្លាំងទាំងបី នៅសាលប្រជុំសាលាខេត្ត កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានទទួលស្ដាប់សេចក្ដីរាយការណ៍ និងការសម្ដែងនូវមតិយោបល់ របស់អាជ្ញាធរពាក់ព័ន្ធរួចមក ឯកឧត្តម បានធ្វើការជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការការពារសុខសុវត្ថិភាព សន្តិសុខទូទៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសថ្ងៃបុណ្យទាន ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះ។
ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តជំរុញដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា៕នាគស