Monday, November 25, 2024

សមត្ថកិច្ចបញ្ជាក់ថា បុរសម្នាក់ដែលប្រទះឃើញស្លាប់នៅក្នុងថ្លុកទឹក ខាងលិចអតីតភោជនីយដ្ឋានអាប៉ូលូផ្លាហ្សានោះ ជាករណីឃាតកម្ម

ខេត្តសៀមរាប៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មានគូលែន ដេលី ថាបុរសម្នាក់ដែលគេប្រទះឃើញស្លាប់ នៅក្នុងថ្លុកទឹក មាត់ប្រឡាយ ត្រង់ចំណុចខាងលិចអតីតភោជនីយដ្ឋានអាប៉ូលូផ្លាហ្សា ជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលវេលាម៉ោង៤ និង១០នាទីទាបភ្លឺ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នោះ ជាករណីឃាតកម្ម។

សមត្ថកិច្ចឱ្យដឹងថា សពដែលគេប្រទះឃើញនោះ មិនស្គាល់អត្តសញ្ញាណទេ មានភេទប្រុស សម្បុរស្រអែម អាយុប្រហែល ៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាករូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ។

សមត្ថកិច្ចបន្តថា “នៅវេលាម៉ោង ៤និង១០នាទីទាបភ្លឺ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលយើងទទួលបានព័ត៌មានពីកម្លំាងនគរបាលចរាចរណ៍ តាមរយៈទូរស័ព្ទថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានដេកស្លាប់ក្នុងថ្លុកទឹក មាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ ខាងលិច អតីតភោជនីយដ្ឋានអាប៉ូលូផ្លាហ្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ ដឹកនាំដោយ លោក ងិល សុវណ្ណរិទ្ធិ អយ្យការរងអមសារដំបូងខេត្តសៀមរាប ដោយមានការចូលរួមសហការពីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប និងលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ នៃមន្ទីពេទ្យបង្អែកខេត្តសៀមរាប បានធ្វើការពិនិត្យវិភាគកន្លែងកើតហេតុ ពិនិត្យសាកសព និងសាកសួរសាក្សី”។

សមត្ថកិច្ចបញ្ជាក់ថា ជាករណីឃាតកម្ម ព្រោះតាមការពិនិត្យសាកសពឃើញថា មានស្នាមមុតដាច់ជ្រៅអាត្រង់កផ្នែកខាងមុខ ស្នាមមុតដោយការកាប់ត្រង់ស្លាប់ប្រជៀវផ្នែកខាងស្តាំ ១កន្លែង និង ស្នាមមុតដោយការកាប់ត្រង់ចង្កេះផ្នែកខាងស្តាំ ១កន្លែងផងដែរ។ ហើយនៅកន្លែងកើតហេតុ មានបន្សល់ស្នាមឈាម និងថងខ្ចប់អីវ៉ាន់ នៅក្នុងតូបលក់បាយ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និង មានស្នាមឈាមហូកាត់ថ្នល់ចេញពីតូបលក់បាយនោះ មកត្បូង ដែលមានឈាមហូរដក់នៅចិញ្ជើម នៃផ្លូវជាតិលេខ៦ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកសាកសពស្ថិតក្នុងថ្លុកទឹក ចម្ងាយពីកន្លែងដក់ឈាមប្រហែល ២ម៉ែត្រ”។

បច្ចុប្បន្នសពត្រូវបានយកទៅរក្សាទុក ដើម្បីស្វែងរកសាច់ញាតិ និងស្រាវជ្រាវបន្តតាមនីតិវិធី៕នាគស

ព័ត៌មានពេញនិយម