ខេត្តសៀមរាប៖ នៅទីបំផុតសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនក្រុមជនសង្ស័យ ដែលប្រើកាំបិតកាប់យ៉ាងសាហាវ នៅភូមិតាភុលកាលពីថ្ងៃមុន ទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នេះហើយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា “នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២ និង ០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អំឡុងពេលល្បាតនៅក្នុងភូមិសាស្រ្តសមត្ថកិច្ចយើងបានប្រទះឃើញថាជនសង្ស័យកំពុងព្យាយាមបើកម៉ូតូគេចពីសមត្ថកិច្ច។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យមកសួរនាំ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់។
សមត្ថកិច្ចបន្តថា “ការឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធទៅនឹងករណី អំពើហិង្សដោយចេតនា មានស្ថានទម្ងន់ទោស ដោយដេញកាប់ជនរងគ្រោះ និងម៉ូតូរបស់ជនរងគ្រោះ នៅត្រង់ចំណុចផ្លូវបំបែកក្បែរសាលារៀនអារីហ្សូន (អតីតសាលាញ៉ូវយ៉ក ) ដែលស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២ និង ៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ”។
“ជនសង្ស័យដែលឃាត់បានមាន៖
១ -ឈ្មោះ រុំ ប៊ុនរ៉ង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅបច្ចុប្បន្ននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
២ -ឈ្មោះ ផាត សាអង្គ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
៣ -ឈ្មោះ ភួយ សុភា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប” ។
សមត្ថកិច្ចបញ្ជាក់ថា “តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានប្រើហិង្សាដោយចេតនា ដេញកាប់ទៅលើជនរងគ្រោះ និងម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន”។
“វត្ថុតាងដកហូតរួមមាន:
– ម៉ូតូរបស់ជនសង្ស័យចំនួន ០២គ្រឿង
– កាំបិតកែច្នៃចំនួន ០២ដើម ។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និងបន្ទាប់ពីបញ្ចប់នីតិវិធីស៊ើបសួរ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន តាមអំណាចនៃការបង្គាប់ឲ្យឃុំខ្លួន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ “ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” របស់ចៅក្រមស៊ើបសួរ សុិន សង្ហា នៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២៣ នេះផងដែរ”។
មហាជនបានធ្វើការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាពិសេសអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបានបំពេញតួនាទីយ៉ាងល្អ បម្រើប្រជាជាតិ មាតុភូមិ ដោយមិនខ្លាចនឿយហត់ ដើម្បីទប់ស្កាត់ឱ្យខានតែបាន នូវបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ល្បីរន្ទឺមួយនេះ៕នាគស