Sunday, November 24, 2024

អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា រងការរិះគន់ពីមហាជន និងលោកគ្រូអ្នកគ្រូ ថាអាចនាំឱ្យក្មេងៗគេចសាលាមិនចូលរៀន

ខេត្តសៀមរាប៖ មហាជន និងលោកគ្រូអ្នកគ្រូ ផ្ទុះការរិះគន់ថាក្មេងៗគេចសាលាមិនចូលរៀន ព្រោះទៅសម្ងំលេងហ្គេម អ៊ីនធឺណិត នៅទីតាំងមួយដែលជ្រកក្រោមស្លាក “អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET)” ម្ដុំផ្ទះល្វែងទុលមុខអាស្រមគោកស្រិត ដែលស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលអាចនាំឲ្យកូនៗ ក្មេងៗសិស្សានុសិស្ស បោះបង់ការសិក្សា គ្មានចំណេះវិជ្ជា ទំនើង និងអាចរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍វិស័យអប់រំ ដែលរាជរដ្ឋាភិបាលអាណត្តិទី 7 បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ និងដូចមាននៅក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង។

មហាជន និងលោកគ្រូអ្នកគ្រូ បានឲ្យដឹងថា កូនៗរបស់គាត់ យុវជននិងសិស្សានុសិស្ស តែងបានជម្រាបឪពុកម្ដាយថាបានទៅសិក្សាជាធម្មតា។ តែការពិតបែរជាទៅសម្ងំជួបជុំមិត្តភក្តិ នាំគ្នាគេគេចពីការសិក្សាទៅចូលលេងហ្គេម អុីនធឺណែត (Game Internet) យ៉ាងសប្បាយអឺងកងទៅវិញ។

មហាជន និងលោកគ្រូអ្នកគ្រូបន្តថា បើនៅតែយ៉ាងនេះ កូនៗ ក្មេងៗ សិស្សានុសិស្ស នឹងអាចបោះបង់ការសិក្សា គ្មានចំណេះវិជ្ជា ទំនើង និងអាចរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍វិស័យអប់រំ ដែលជាជ្រុងមួយនៃយុទ្ធសាស្ត្របញ្ចកោណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើងជាក់ជាពុំខាន។

ជុំវិញករណីនេះពីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ក៏បានធ្វើការទំនាក់ទំនង ទៅកាន់លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក(83B)ផងដែរ ដោយលោកបានមានប្រសាសន៍ថា “កន្លងមកថ្មីៗនេះ ខ្ញុំធ្លាប់ទទួលបានព័ត៌មានពីអាណាព្យាបាល លើកឡើងអំពីបញ្ហានេះដូចគ្នា។ ក្រោយមកកាលពី ខែកញ្ញា ឆ្នាំ2023 កន្លងទៅ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍សាលាកំរើក ធ្លាប់បានចុះធ្វើការណែនាំ និងហាមមិនឲ្យមានសិស្សសាលា និងក្មេងដែលពាក់ឯកសណ្ឋានសិស្សសាលា ចូលលេងហ្គេមអុីនធឺណែត នៅក្នុងទីតាំង “អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET)” នោះទេ”។

ឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាសារព័ត៌មាន គូលែនដេលី “តើទីតាំងហ្គេមអ៊ីនធឺណិតខាងលើនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?”

លោកនាយប៉ុស្តិ៍បានបន្តថា “ទីតាំងខាងលើមានច្បាប់អនុញ្ញាតត្រឹមត្រូវ”។ ដោយលោកនាយប៉ុស្តិ៍បានផ្ញើនូវលិខិតអនុញ្ញាតផ្លូវច្បាប់ទាំងនោះដូចមានរូបនៅខាងក្រោមផងដែរ៖

ស្របតាមសំណើរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងនៅព្រឹកថ្ងៃទី 6 ខែតុលា ឆ្នាំ 2023 នេះ ពីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានចុះទៅផ្ដិតយករូបភាពវីដេអូ នៅទីតាំងខាងលើឃើញថា មិនមានយុវជនក្មេងៗដែលពាក់ឯកសណ្ឋានជាសិស្សសាលា ចូលលេងហ្គេមនៅក្នុងទីតាំងខាងលើនោះទេ។ ប៉ុន្តែយើងសង្កេតឃើញថាមានយុវជន ជាច្រើនបាននឹងកំពុងផ្ចិតផ្ចង់អារម្មណ៍ លេងនូវហ្គេមអ៊ីនធឺណិត ដោយមិនមានខ្វល់ខ្វាយនូវរឿងអ្វីទាំងអស់។

សូមទស្សនាវីដេអូ៖ https://fb.watch/nvycvTGD4d/?mibextid=ZbWKwL

មហាជន និងលោកគ្រូអ្នកគ្រូ នៅតែសម្ដែងនូវការហួសចិត្ត ថាហេតុអ្វីបានជាក្រសួងពាក់ព័ន្ធអនុញ្ញាតឲ្យទីតាំងអ៊ីនធឺណិត ដែលបង្វក់ស្មារតីក្មេងៗ ឱ្យភ្លេចសាលា ភ្លេចផ្ទះសម្បែង បើកធ្វើអាជីវកម្មស្របច្បាប់យ៉ាងដូច្នេះ? តើនេះជាអាជីវកម្មជាមួយនឹងក្មេងៗដែលនៅក្នុងវ័យសិក្សាមែនដែរឬទេ? តើចេតនាពិតប្រាកដ នៃការបើកហ្គេមអ៊ីនធឺណិតនេះគឺជាអ្វី?

ជុំវិញករណីចោទប្រកាន់ខាងលើនេះ ពីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅពុំទាន់ទទួលបានការបំភ្លឺពីម្ចាស់ទីតាំងដែលមានឈ្មោះ អ៊ុង សម្បត្តិ បាននៅឡើយទេ។

មហាជន និងលោកគ្រូអ្នកគ្រូ សូមធ្វើការគោរពស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យ និងនិរាករ ច្បាប់ទាំងឡាយណាដែលអនុញ្ញាតឲ្យ ក្រុមហ៊ុនឯកជន ដែលជ្រកក្រោមស្លាក កីឡាអេឡិចត្រូនិចកម្ពុជា ដោយក្ដីអនុគ្រោះផង បើមិនដូច្នោះទេ យុវជនជំនាន់ក្រោយរបស់ជាតិ នឹងបោះបង់ការសិក្សា អវិជ្ជា ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលទៅថ្ងៃមុខជាមិនខាន៕នាគស

ព័ត៌មានពេញនិយម