រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះហត្ថលេខាលើលិខិត លេខ ០៥៨ សជណ ព.ម ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន ក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន ( TOP DIAMOND CASINO ) និងអ្នកសារព័ត៌មានមកពីប្រមាណ ៧០០ ទៅ ៩០០អង្គភាព ដែលមានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ ធ្វើសកម្មភាពល្មើសច្បាប់ រួមចំណែកធ្វើឲ្យចុះខ្សោយ ក្រមសីលធម៌វិស័យព័ត៌មាននៅកម្ពុជា កាលពីថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២៣ កន្លងទៅ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន “ជម្រាបជូន ក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែលមានការពាក់ព័ន្ធ ដោយព្រមានឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។ សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោង ខ្ញុំសូមជម្រាបជូន លោក លោកស្រី ជ្រាបថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដាយអឺម៉ិន TOP DIAMAND CASINO បានចេញ ផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា “មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។”
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា “ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈ សារព័ត៌មានដទៃទៀតនៅកម្ពុជា។”
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា “ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ ៖១. អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារ ប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និង ក្រមសីលធម៌ នឹងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅ ទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូរខ្លួន មករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ ខែ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូស់មិនព្រមចូរខ្លួនរាយការណ៍អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន។
២. ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធទៅនឹង ករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឱ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នក សារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះ របស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុប អាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៣. ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដោយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការ ផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ ធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូន មកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះ ខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែល ពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។”
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់សាជាថ្មីថា “ក្រសួងព័ត៌មាន សូមបញ្ជាក់សាជាថ្មីថា ការប្រកាសនេះធ្វើជាសាធារណៈ និងក្នុងករណីរឹងរូស មិនរាងចាល ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់កុំបីខាន។សូម លោក លោកស្រី ទទួលនូវការរាប់អានពីខ្ញុំ”។
មហាជនបានសម្ដែងនូវ ការអបអរសាទរចំពោះ លិខិតប្រមាននេះជាពន់ពេក ហើយសង្ឃឹមថា ទាំងភាគី កាស៊ីណូថបដាយអឺម៉ិន TOP DIAMAND CASINO ដែលបានចេញ ផ្សាយលិខិតជាសាធារណៈចោទប្រកាន់អ្នកសារព័ត៌មាននិងបង្ហាញនូវអត្តសញ្ញាណរបស់ក្រុមអ្នកសារព័ត៌មានទាំង ៧០០ ទៅ ៩០០អង្គភាពនោះ ហើយសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះ អ្នកដែលល្មើសឈានដល់ការឃប់ឃិត ត្រូវរ៉ូវគ្នាណាមួយដែលខុសនឹងច្បាប់ប្រទេសកម្ពុជា កុំឱ្យក្លាយមកពីរឿង “ស្វាស៊ីបាយ លាបមាត់ពពែ” ឬ “ខ្លួនជាចោរស្រែកឲ្យចាប់ចោរ” ហើយក៍ដើម្បីបង្ហាញភាពស្អាតស្អំរបស់ អ្នកសារព័ត៌មានកម្ពុជាផងដែរ៕នាគស