រាជធានីភ្នំពេញ៖ នៅទីបំផុត លោក ផែង វណ្ណៈ ចាងហ្វាងអង្គភាពគេហទំព័រ pengvannaknews អាយុ៥៣ឆ្នាំ មានទីលំទីនៅភូមិព្រែកពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចេញនូវលិខិតសុំទោស ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានហើយ តែមិនសុំទោស អ្នកសារព័ត៌មានដែលលោក ចោទថា ជាអ្នកសារព័ត៌មានដែលពាក់កាតដេីរជំរិតលុយគេនោះទេ។ នេះបើយោងតាមការបង្ហោះ នៅលើហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ ដែលមានឈ្មោះថា ” ផែង វណ្ណៈ ” និង ” Peng Vannak ” នៅព្រលប់ថ្ងៃទី ៣ ខែតុលាឆ្នាំ ២០២៣ នេះ។
លោក ផែង វណ្ណៈ “លិខិតសុំទោសរបស់ខ្ញុំ គោរពជូន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន !
បញ្ជាក់ ៖ ខ្ញុំបានសុំទោស ក្រសួងព័ត៌មាន និង បងប្អូនអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវតែប៉ុណ្ណោះ។”
បន្ថែមលើសនេះ លោក ផែង វណ្ណៈ ក៏បានគោរពស្នើសុំ ដល់ឯកឧត្តមផុសសុវណ្ណ អគ្គនាយកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចាត់វិធានការអោយបានម៉ឺងម៉ាត់ជាពិសេស អ្នកសារព័ត៌មានដែលមានក្នុងបញ្ជីយកលុយពីកាស៊ីណូ ថបដាយអឺមិន ៧០០-៩០០ នាក់នោះផង។
ដោយលោក ផែង វណ្ណៈ បន្តថា “ចំពោះអ្នកសារព័ត៌មានដែលពាក់កាតដេីរជំរិតលុយគេ ខ្ញុំមិនបានសុំទោសទេ ផ្ទុយទៅវិញខ្ញុំបានគោរពស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការអោយបានម៉ឺងម៉ាត់ជាពិសេស អ្នកសារព័ត៌មានដែលមានក្នុងបញ្ជីយកលុយពីកាស៉ីណូ ថបដាយអឺមិន ៧០០-៩០០ នាក់។”
លោក ផែង វណ្ណៈ បានបញ្ជាក់ថា “ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ បានប្រាប់ខ្ញុំអោយដឹងថា ក្រសួងនឹងចាត់វិធានការចំពោះអ្នកសារព័ត៌មានដែលមានក្នុងបញ្ជីឈ្មោះដេីរដាក់ខែឬយកលុយគេខុសក្រមវិជ្ជាជីវៈសារព័ត៌មានដោយមិនលេីកលែងឡេីយ។”
សូមរំលឹកជូនផងដែរថា ក្រោយរងការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News និងយោងតាមគណនីមួយបង្ហោះវីដេអូថា លោក ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់ ក្នុងខេត្តកំពង់ចាមផងនោះ ក្រុមបងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បានជួបជុំគ្នា នាំយកនូវញត្តិ (ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍) ទៅក្រសួងព័ត៌មាន ដើម្បីទាមទារឱ្យ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានលោក ផែង វណ្ណៈ ជាចាងហ្វាង កាលពីព្រឹកទី២៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តម ផុស សុវណ្ណ បានសួរថា៖ “តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ?។”
ភ្លាមៗនោះស្រាប់តែបងប្អូនអ្នកសារព័ត៌មានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ “ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែង និងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ។ ព្រោះចាងហ្វាងសារព័ត៌មាន មួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែក សម្រាប់ធ្វើការប្រមាថតិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន”។
ឯកឧត្តម ផុស សុវណ្ណ បន្តថា៖ “រាល់ការទាមទាររបស់បងប្អូន ខ្ញុំនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងអាចទទួលយកបាន”។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍បញ្ជាក់ជាឧទាហរណ៍ ទាក់ទិនករណីខាងលើថា “ប្រសិនបើមានការលុប clip Video និងសូមទោស អាចនឹងពុំមានការលុបអាជ្ញាប័ណ្ណនោះទេ”។
ទោះបីជាយ៉ាងណា មហាជននៅកំពុងរង់ចាំមើល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងមានការសម្រេចចិត្តចំពោះករណីនេះ៕នាគស