ខេត្តសៀមរាប៖ បុរសជនជាតិ អាមេរិកកាំង មានឈ្មោះ MC NEW DONALD DUANE អាយុ 64 ឆ្នាំ គ្មានមុខរបរ កាន់លិខិតឆ្លងដែនលេខ 523484069 មានទីលំនៅបណ្ដោះសន្នក្នុងបន្ទប់ជួលមូលកន្លែង ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ២១ និង ០០នាទីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣។
លោក អ៊ួន ច័ន្ទវណ្ណៈ អាយុ២១ ឆ្នាំ ត្រូវជាកូនរបស់ម្ចាស់បន្ទប់ជួលខាងលើបានឱ្យដឹងថា “នៅដើមខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវម្នាក់(សព)បានមកជួលបន្ទប់ខ្ញុំស្នាក់នៅ បន្ទប់លេខ ១២ គាត់នៅម្នាក់ឯង”។
លោក អ៊ួន ច័ន្ទវណ្ណៈ បន្តថា “អំឡុងពេលគាត់ស្នាក់នៅខ្ញុំពុំដែលឃើញគាត់មានបញ្ហាឈឺអ្វីទេ មានសុខភាពល្អធម្មតា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ អ្នកជួលបន្ទប់នៅជិតបន្ទប់របស់គាត់(សព)បានទូរសព្ទមកប្រាប់ខ្ញុំថាពុំឃើញតាអាមេរិកកាំងនេះចេញពីបន្ទប់សោះ”។
លោក អ៊ួន ច័ន្ទវណ្ណៈ បញ្ជាក់ថា “បន្តិចក្រោយមកខ្ញុំបានមកដល់បន្ទប់ជួល ហើយគោះទ្វារនិងស្រែកហៅគាត់ តែពុំមានសំឡេងឆ្លើយតបនោះទេ ដោយមានការសង្ស័យខ្ញុំក៏បានធាក់ទ្វារនិងរុញទ្វារបន្តិចស្រាប់តែឃើញគាត់ដេកស្លាប់នៅលើគ្រែ ភ្លាមនោះខ្ញុំក៏បានទៅរាយការណ៍ជូនសមត្ថកិច្ច”។
សមត្ថកិច្ចថា “ការពិនិត្យសាកសព ផ្នែកក្បាល ផ្នែកដងខ្លួន អវយវះ និងគ្រប់ផ្នែកទាំងអស់ គ្មានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ទេ ហើយសាកសពមានសភាពរឹងគ្រប់សន្លាក់ដៃជើង”។
សមត្ថកិច្ចបន្តថា “យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង”។
សមត្ថកិច្ចបញ្ជាក់ថា “សាកសពបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី”៕នាគស