រាជធានីភ្នំពេញ៖ ក្រោយរងការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News និងយោងតាមគណនីមួយបង្ហោះវីដេអូថា លោក ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់ ក្នុងខេត្តកំពង់ចាមផងនោះ ក្រុមបងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បានជួបជុំគ្នា នាំយកនូវញត្តិ (ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍) ទៅក្រសួងព័ត៌មាន ដើម្បីទាមទារឱ្យ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានលោក ផែង វណ្ណៈ ជាចាងហ្វាង នៅព្រឹកទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
វីដេអូ៖
ក្នុងការយកញត្តិទៅដាក់នៅក្រសួងព័ត៌មាននេះ ត្រូវបាន ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទទួលយកញត្តិ ពីក្រុមអ្នកសារព័ត៌មាន ហើយព្រមទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ធ្វើការដោះស្រាយ តាមបែបបទរដ្ឋបាល។
ឯកឧត្តម ផុស សុវណ្ណ បានសួរថា៖ “តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ?។”
ភ្លាមៗនោះស្រាប់តែបងប្អូនអ្នកសារព័ត៌មានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ “ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែង និងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ។ ព្រោះចាងហ្វាងសារព័ត៌មាន មួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែក សម្រាប់ធ្វើការប្រមាថតិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន”។
ឯកឧត្តម ផុស សុវណ្ណ បន្តថា៖ “រាល់ការទាមទាររបស់បងប្អូន ខ្ញុំនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងអាចទទួលយកបាន”។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍បញ្ជាក់ជាឧទាហរណ៍ ទាក់ទិនករណីខាងលើថា “ប្រសិនបើមានការលុប clip Video និងសូមទោស អាចនឹងពុំមានការលុបអាជ្ញាប័ណ្ណនោះទេ”។
សូមរំលឹកជូនផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះអង្គភាពអ្នកសារព័ត៌មានជាច្រើន បានប្រកាសថ្កោលទោសចំពោះ លោក ផែង វណ្ណៈ ក្រោយបុគ្គលរូបនេះ បញ្ចេញវោហារថា “ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ។ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ”។ មិនតែប៉ុណ្ណោះ លោក ផែង វណ្ណៈ ក៏បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិតផងដែរ។
ពាក់ព័ន្ធរឿងរ៉ាវនេះលោក ចាន់ ថន នាយកប្រតិបត្តិ នៃគេហទំព័រ«ដើមរាំង»បានបញ្ជាក់ថាៈ “ការប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មាន ពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១ទេ ពោលគឺច្រើនលើកច្រើនសារមកហើយ ទាំងដែលបងប្អូនអ្នកសារព័ត៌មានគ្មានកំហុសអ្វីសោះ”។
ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បាននិយាយវ៉យសំឡេងតាមប្រព័ន្ធតេឡេក្រាមក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ថាៈ “ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ជាស់របស់ចោរ បំផ្លាញធម្មជាតិ”។
លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News ដោយនិយាយប្រមាថថាៈ “ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច”។
បន្ទាប់មកទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយថាខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗ ឆ្កួតពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ។
បន្ថែមពីនេះ លោក ផែង វណ្ណៈ បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត និងបានធ្វើការប្រៀបធៀបថាៈ បងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង។
ជាមួយគ្នានេះផងដែរ មានគណនីអ្នកសារព័ត៌មានមួយ ដែលប្រើឈ្មោះ ស្អែក ស្លា.ប់ ស្អែក ស្លា.ប់ ស្រលាញ់យុត្ដិធម៍ បានបង្ហោះវីដេអូមួយដោយមានការសួរនំាគ្នាថា អំពីឈ្មោះផែង វណ្ណៈ បាញ់កាតសារព័ត៌មានសេរីចាស់ទៅសុំលុយនៅសង្វៀនជល់មាន់មួយកន្លែងក្នុងខេត្តកំពង់ចាមទៀតផង។
ទោះបីជាយ៉ាងរហូតមកដល់ពេល គេពុំទាន់ឃើញ លោក ផែង វណ្ណៈ ប្រតិកម្មជាមួយការបង្ហោះវីដេអូបាញ់កាតសារព័ត៌មានសេរីចាស់ទៅសុំលុយនៅសង្វៀនជល់មាន់មួយកន្លែងក្នុងខេត្តកំពង់ចាមនោះឡើង៕នាគស