Sunday, November 24, 2024

ប្រជាពលរដ្ឋផ្ទុះការរិះគន់ថា ថៃលួចចម្លងប្រាសាទអង្គរវត្តក្នុងទឹកដីពួកគេ ក្រសួងវប្បធម៌កម្ពុជាថា បានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋផ្ទុះការរិះគន់យ៉ាងខ្លាំង ខណះ ថៃបាននឹងកំពុងបន្តលួចសាងសង់ ចម្លងប្រាសាទអង្គរវត្តក្នុងទឹកដីពួកគេ ធ្វើឱ្យក្រសួងវប្បធម៌កម្ពុជា ចេញសេចក្ដីជូនដំណឹងថា បានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

សេចក្ដីជូនដំណឹងថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធ ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ”។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបន្តថា “ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ”។សូមវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា “ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការ ទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្ម ភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិង អន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបថា កិច្ចការនេះក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញនិងការទូត។ ឆ្លៀតឱកាសនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូន និង ការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លា របស់យើង”។

មហាជនបានលើកជាសំណួរថា បើកក្រសួងវប្បធម៌បានបញ្ជូន ក្រុមការងារជំនាញតាមដានជាប្រចាំ ដោះស្រាយតាមជំនាញ និងការទូត តើហេតុអ្វីបានជាថៃអាចនៅតែបន្តសាងសង់ នូវប្រាសាទអង្គរវត្តចម្លង ស្ទើរតែរួចរាល់ទៅហើយនោះ?

មហាជននៅតែមាន សុតិធិ និងជំនឿចិត្ត ទៅលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថានឹងអាចដោះស្រាយទប់ស្កាត់ ភាគីថៃមិនឱ្យបន្តសាងសង់ប្រាសាទអង្គរវត្តចម្លង និងធ្វើការរុះរើសំណង់នេះជាបន្ទាន់ផងដែរ៕នាគស

ព័ត៌មានពេញនិយម