Wednesday, November 27, 2024

អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការថតរូបភាព ឬវីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញនូវសេចក្ដីជូនដំណឹង លេខ ៧៤៥/២៣ រប.សជណ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ឱ្យជ្រាបជាព័ត៌មាន ស្ដីពី “ការថតរូបភាព ឬវីដេអូនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ” ដែលចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសេចក្តីជូនដំណឹង “អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណ ជនទាំងអស់ មេត្តាជ្រាបថា៖ ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ ជាក់ស្តែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា ដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។”

អាជ្ញាធរជាតិអប្សរាបានបន្តថា “ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាច ធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិក ភណ្ឌពិភពលោក – ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរ ជាតិអប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញ មានលទ្ធ ភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម ៖

• ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។”

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា “ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យ ភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។ ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិ ជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។”

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា “រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិ អប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេលប្រាំ (៥)ថ្ងៃ នៃថ្ងៃធ្វើការងារយ៉ាងយូរ”៕នាគស

ព័ត៌មានពេញនិយម