Sunday, November 24, 2024

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ថានឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការអនុគ្រោះ ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងក្នុងនាមជានាយឧត្តមសេនីយ៍ ថានឹងត្រូវដកចេញពីក្របខណ្ឌ ហើយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការអនុគ្រោះ ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន។ ថ្លែងបែបនេះក្នុងអំឡុងពេល ដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យមើលវឌ្ឃនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និងសួរសុខទុក្ខ ដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ២០០ នាស្រុកអង្លងវែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ ក្នុងនាមជានាយឧត្តមសេនីយ៍ ថា “ស្របតាមគោលនយោបាយបញ្ចកោណនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កងទ័ពត្រូវតែមានការកែទម្រង់”។

ឯកឧត្ដម នាយឧត្តមសេនីយ៍ បន្តថា “ដោយត្រូវធ្វើការហ្វឹកហាត់ ចំណេះជំនាញជាប្រចាំដោយគ្នានការលើកលេងនោះឡើយ ជាពិសេសជំនាញការពារជាតិ មាតុភូមិ ត្រូវមានកម្លាំងពលំមាំមួន”។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន នឹងត្រូវដកចេញពីក្របខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការអនុគ្រោះនោះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បញ្ជាក់បន្ថែមថា “ហើយមួយទៀតចាប់ពីពេលនេះតទៅមុនប្រឡងចូលក្របខណ្ឌកងទ័ពត្រូវតែធ្វើតេស្តគ្រឿងញៀន ឲ្យខាងតែបាន ដោយមុននឹងក្លាយជាក្របខណ្ឌកងទ័ពត្រូវតែពិនិត្យ និងធ្វើតេស្តគ្រឿងញៀននេះយ៉ាងតិចចំនួនបួនដងផងដែរ”៕នាគស

ប្រភព៖ ក្រសួងការពារជាតិ

ព័ត៌មានពេញនិយម