Saturday, September 21, 2024

បុរសជនជាតិវៀតណាមពីរនាក់ មានសារធាតុញៀន មិនបាន ២៤ ម៉ោងផង ត្រូវបានសមត្ថកិច្ចឃាតខ្លួន បន្ទាប់ពីគាស់តូបលក់កាហ្វេមួយកន្លែង និងលួចយកសម្ភារៈអស់មួយចំនួន 

ខេត្តសៀមរាប៖ បុរសជនជាតិវៀតណាមពីរនាក់ មានសារធាតុញៀនក្នុងខ្លួន មិនដល់ ២៤ ម៉ោងផង ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការឃាតខ្លួនបាន បន្ទាប់ពីគាស់តូបលក់កាហ្វេមួយកន្លែង និងលួចយកសម្ភារៈអស់មួយចំនួន កាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ អំពីករណីអំពើលួចមានស្ថានទម្ងន់ទោសដោយកាប់គាស់ទម្លុះទម្លាយ កាត់សោរទ្វារលួចយកម៉ាស៊ីនឆុងកាហ្វេ ០១ឈុត ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ នៅចំណុចតូបលក់កាហ្វេ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ០៦ និង ៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចបន្តថា “ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប កម្លាំងសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ តាមការពិនិត្យកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាជនសង្ស័យ និងបានធ្វើការល្បាត ក៏ប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ដែលកំពុងតែជិះម៉ូតូរ៉ឺម៉ក ហេីយឃាត់យកមកសួរនាំ នៅវេលា ០៣ និង ០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ”។

សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីធ្វើការសួរនាំ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់សោរទ្វារតូបលក់កាហ្វេ ហើយលួចយកម៉ាស៊ីនឆុងកាហ្វេពិតប្រាកដមែន ដោយក្រោយពីលួចបានហេីយ ពួកខ្លួនបានយកទៅដោះបំបែកយកស្ពាន់”។ ជនសង្ស័យដែលឃាត់ខ្លួនបានទាំងនោះ ទី០១ មាន ឈ្មោះ ឆាង ថាន់ហ៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងទី០២ មានឈ្មោះ ឡេ វឹងតឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបញ្ជាក់ថា “កម្លាំងសមត្ថកិច្ចយើងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងពីរ ដោយលទ្ធផល វិជ្ជមាន (ជាតំរុយមេតំហ្វេតាមីន)”។….”វត្ថុតាងដកហូតបាន៖ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង របស់ជនសង្ស័យធ្វើសកម្មភាព កន្រ្តៃកាត់ដែកចំនួន០១ និងម្ស៉ៅក្រាមពណ៌សថ្លាមួយចំនួន ព្រមទាំងម៉ាស៊ីនឆុងកាហ្វេរបស់ជនរងគ្រោះ”។….”ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី”។

មហាជនបានសម្ដែងនៅសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ចំពោះរឿងនេះ និងមានការស្ងើចសរសើរថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន ក្រុង ស្រុក ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាពិសេសអធិការដ្ឋាននគរបាលក្រុងសៀមរាប ពិតជាមានថាមពលនិងសមត្ថភាពពិតប្រាកដ ទើបអាច បង្ក្រាប ការពារ និងទប់ស្កាត់ រាល់បទល្មើសនានា បានយ៉ាងឆាប់រហ័សយ៉ាងដូច្នេះ៕នាគស

ព័ត៌មានពេញនិយម