ខេត្តសៀមរាប៖ ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានរដ្ឋបាល សាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ក្រុមការងារអធិការកិច្ចមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បានចុះធ្វើការអធិការកិច្ចនៅអយ្យការអមសាលាដំបូង និងមន្ត្រីនគរបាលយុត្តិធម៌ ខេត្តសៀមរាប ដែលជាដែនសមត្ថកិច្ច នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
បេសកកម្មនេះ ក្រុមការងារអធិការកិច្ចមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បានដឹកនាំដោយ ឯកឧត្តម រៀម ចន្ទម្នី អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ឯកឧត្តម អុិត សុធា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង លោក ដុះ វិសុទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង និងលោក លោកស្រីក្រឡាបញ្ជី ដោយមានការចូលរួមពី ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមប្រធាន លោក លោកស្រីព្រះរាជអាជ្ញារង លោកស្នងការ លោកមេបញ្ជាការ លោកប្រធានពន្ធនាគារ មន្រ្តីនគរបាលយុត្តិធម៌ខាងពន្ធដារ គយ ជលផល បរិស្ថាន លោក លោកស្រីក្រឡាបញ្ជី មន្រ្តីនៃសាលាដំបូងខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ។
ការចុះធ្វើអធិការកិច្ច របស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងពេលនេះគឺ អនុវត្តតាមច្បាប់កំណត់ មានគោលបំណងដើម្បីពិនិត្យតាមដាន ពង្រឹងកិច្ចការងារអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ការពន្លឿនចំណាត់ការគ្រប់សំណុំរឿង ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងអយ្យការអមសាលាដំបូង ពន្ធនាគារ មន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្តសៀមរាប៖ •ស្វែងយល់ពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមកដើម្បី •ពង្រឹងការចុះបណ្តឹងត្រឹមត្រូវ ការដាក់សារណាទាន់ពេលរាល់បណ្តឹងតំណាងអយ្យការ ជៀសវាងការលើកចោល •ណែនាំឱ្យមានការប្រជុំដោះស្រាយបញ្ហាផ្ទៃក្នុង និងមន្រ្តីនគរបាលយុត្តិធម៌ឱ្យបានតាមច្បាប់កំណត់ •ណែនាំធ្វើការចោទប្រកាន់ឱ្យចំបទល្មើស និងការផ្តន្ទាទោសឱ្យបានត្រឹមត្រូវ ជំរុញការបញ្ជូនដីកាសម្រេច សាលក្រមឱ្យបានឆាប់រហ័ស ជៀសវាងបាត់សិទ្ធិប្តឹងឧទ្ធរណ៍របស់ឯកឧត្តមអគ្គព្រះរាជអាជ្ញា •ពិនិត្យការចុះសៀវភៅសំណុំរឿងព្រហ្មទណ្ឌ សៀវភៅពិសេស និងសៀវភៅផ្សេងៗ ធ្វើការណែនាំ និងចែករំលែកអំពីនីតិវិធីការឃាត់ខ្លួន នៅដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ •ណែនាំអំពីនីតិវិធីដើម្បីទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ និងការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ •ដោះស្រាយបញ្ហាការឆ្លេីយនៅសវនាការថាសមត្ថកិច្ចធ្វេីទារុណកម្មដេីម្បីយកចម្លេីយ ណែនាំឱ្យមន្រ្តីនគរបាលយុត្តិធម៌ (អ្នកបង្រ្កាប) ត្រូវចូលរួមសវនាការតាមការអញ្ជើញរបស់តុលាការ •ណែនាំធ្វេីការបញ្ជូនសំណុំរឿងអោយបានឆាប់ •ណែនាំអោយមានការសហការសម្រាប់ការដោះលែងមានលក្ខខ័ណ្ឌ
•ណែនាំឱ្យមានការធ្វើបច្ចុប្បន្នភាពដីកាចាប់ខ្លួន ដីកានាំខ្លួន ដីកាបញ្ឈប់ការនាំខ្លួន…
•ពិនិត្យសៀវភៅផ្សេងៗរបស់មន្រ្តីនគរបាលយុត្តិធម៌ និងកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន
•ណែនាំពន្ធនាគារនាំជនជាប់ឃុំទៅជំនុំជម្រះ ជៀសវាងការលើកសវនាការ •ណែនាំឱ្យមានការប្រុងប្រយ័ត្ននៅពេលនាំអ្នកឃុំចេញក្រៅ ហេីយត្រូវតែរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញា •ដោះស្រាយការខ្វះសាលក្រម សាលដីកា របស់ជនជាប់ឃុំ និងការអនុវត្តដីកា •ពិនិត្យស្ថានភាពជនជាប់ឃុំជាក់ស្តែងក្នុងពន្ធនាគារ •សាកសួរសុខទុក្ខអ្នកជាប់ឃុំ លេីកទឹកចិត្ត និងណែនាំអោយមានការភ្ញាក់រលឹកកែប្រខ្លួននឹងអាចមានការបន្ធូរបន្ថយទោស លេីកលែងទោស •ធ្វើការណែនាំ ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពន្ធនាគារ មន្រ្តីនគរបាលយុត្តិធម៌ និងអយ្យការអមសាលាដំបូង។
កិច្ចបញ្ចប់នៃការចុះធ្វើអធិការកិច្ច ក្រុមការងារអធិការកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បាននាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង សាកសួរសុខទុក្ខ ក៏ដូចជាអរគុណសម្រាប់ការចូលរួមពីគ្រប់ភាគី ដែលធ្វើឱ្យនីតិវិធីចំណាត់ការសំណុំរឿងនៅសាលាឧទ្ធរណ៍បាត់ដំបងកន្លងមក ឆាប់រហ័ស និងធ្វើការសំណូមពរ លើកទឹកចិត្តដល់គ្រប់អង្គភាពឱ្យបន្តកិច្ចសហការល្អបែបនេះទៅមុខទៀត៕នាគស