ខេត្តសៀមរាប៖ ក្រោមការចង្អុលបង្ហាញ របស់ លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលផែនការងារសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រក្រុងសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចថា ការប្រតិបត្តិការនេះ កម្លាំងបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាអប់រំ ដល់បងប្អូនអាជីវករមួយចំនួន ឲ្យបញ្ឈប់ និងធ្វើការរុះរើចេញនូវឧបករណ៍ សម្ភារៈទាំងឡាយណា ដែលបានដាក់តាំងនៅលើផ្លូវសាធារណៈ ក៏ដូចជាបងប្អូនអាជីវករដែលប្រកបរបរតាមរទេះចល័ត។
សមត្ថកិច្ចបន្តថា “សូមសហការជាមួយសមត្ថកិច្ចដើម្បីរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ក្នុងក្រុងសៀមរាប”។
សមត្ថកិច្ចបានធ្វើការអំពាវនាវថា “សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាបទាំងអស់ ក៏ដូចជាបងប្អូនអាជីវករដែលប្រកបរបរតាមរទេះចល័ត សូមសហការជាមួយសមត្ថកិច្ចដើម្បីរក្សារបៀបរៀបរយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ គោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍,គំនូសសញ្ញាណចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”។
ទោះបីជាយ៉ាងណា គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករមួយចំនួន ដែលបានប្រព្រឹត្តខុសនិងដឹងកំហុសយល់ព្រមចូលរួមធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងមិនប្រព្រឹត្តបន្តទៀតនៅឡើយ។
ចំណែកឯប្រជាពលរដ្ឋទូទៅ បានសំដែងនូវអំណរសាទរ និងអរគុណយ៉ាងក្រៃលែង ចំពោះការចុះអនុវត្តរបស់សមត្ថកិច្ចនៅពេលនេះ និងថាអាចរក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយ សេចក្ដីថ្លៃថ្នូរ ប្រកបដោយតម្លាភាព និងលើកមុខមាត់ខេត្តទេសចរណ៍មួយនេះ ឲ្យស័ក្តិសមទៅនឹងកិត្តិនាមដ៏ល្បីរន្ទឺ ហើយក៏សូមស្នើសុំសមត្ថកិច្ច មេត្តាបន្តអនុវត្តយ៉ាងដូច្នេះ ឲ្យបានដូចជាភ្លៀងរលឹម៕នាគស