Thursday, September 19, 2024

លោក ជំទាវ ទ្រី ដាណា បានថ្លែងដោយការហួសចិត្ត អំពីតារាចម្រៀង ប៊ុត សីហា ថាមិនអាចកែបាន បើទោះបីបានជួយ ជិត១០ម៉ឺនដុល្លារ និងឱកាសការងារក៍ដោយ

រាជធានីភ្នំពេញ៖ លោក ជំទាវ ទ្រី ដាណា បានថ្លែងដោយការហួសចិត្ត អំពីតារាចម្រៀង លោក ប៊ុត សីហា ថាមិនអាចកែបាន បើទោះបី លោកជំទាវ បានជួយ រហូតដល់ជិត១០ម៉ឺនដុល្លារ និងឱកាសការងារក៍ដោយ។ នេះបើយោងតាមការបង្ហោះឱ្យដឹង នៅលើ facebook ផ្លូវការ “ទ្រី ដាណា Dana Try” របស់លោកជំទាវ នៅរសៀលថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២៣ នេះ។

លោក ជំទាវ ទ្រី ដាណា ថា “ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។

លោកជំទាវចិត្តធម៌រូបនេះបានបន្តថា “សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ”។

លោក ជំទាវ ទ្រី ដាណា បញ្ជាក់ថា “ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។

សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ”។

សូមជម្រាបជូនថា លោក ប៊ុត សីហា គឺជាតារាចម្រៀង និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ដែលរៀបចំឡើងដោយក្រុមហ៊ុនហង្សមាស និងរស្មីហ្សមាស បានបាត់មុខពីភពសិល្បៈមួយរយៈពេល បន្ទាប់ពីមានរឿងអាស្រូវ ដែលកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចាប់ខ្លួនម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ រូបនេះ នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅរួចមកហើយ។ ក្រោយមក លោក ប៊ុតសីហា បានធ្វើការសុំជួបជាមួយនឹងលោកជំទាវ ទ្រី ដាណា ដោយបញ្ជាក់ប្រាប់ថាគាត់បានកែខ្លួនហើយ និងចង់ចាប់ផ្ដើមជីវិតជាថ្មី ក៏ស្រាប់តែពេលថ្មីៗនេះ ឮដំណឹងមកថា តារាចម្រៀង ប៊ុត សីហា ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគងពិសីបង្ក្រាបចាប់ឃាត់ខ្លួន រួមជាមួយគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សារជាថ្មីម្ដងទៀត ដែលធ្វើឲ្យ លោកជំទាវ ទ្រី ដាណា មានការហួសចិត្ត ភ្ញាក់ផ្អើល និងមានការសោកស្ដាយចំពោះសមត្ថភាព របស់តារាចម្រៀងអស់កែរូបនេះជាពន់ពេក៕នាគស

ព័ត៌មានពេញនិយម