ខេត្តសៀមរាប៖ អ្នកជាប់ពន្ធ គឺជាបុគ្គល ឬសហគ្រាស ឬក្រុមហ៊ុនទាំងឡាយណាដែលមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដាក់លិខិតប្រកាសពន្ធ បង់ពន្ធតាមការកំណត់ និងគោរពតាមបទប្បញ្ញត្តិស្តីពីពន្ធដារផ្សេងៗទៀត ព្រមទាំងមានសិទ្ធិផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងយល់ពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។
យោងតាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអុនវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់៥លានរៀល ដល់១០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ដូច្នេះប្រសិនបើលោកអ្នកកំពុងជាប់ពន្ធ លោកអ្នកគួរចៀស១៣ ចំណុចនេះ បើមិនចង់រងការផាកពិន័យ ដោយក្នុងនោះរួមមាន៖
១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី
៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
៥. ការមិនបានចេញវិក្កយបត្រ
៦. ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
៧. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ញិកាគណនេយ្យឬឯកសារផ្សេងៗ
៨. ការមិនបានរក្សាបញ្ញិកាគណនេយ្យនិងឯកសារផ្សេងៗទៀត
៩. ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ
១០. ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ
១១. ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ចិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
១២. ការចេញវិក្កយបត្រក្លែងបន្លំ
១៣. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ៕ ប្រភព៖ Business Cambodia