រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចេញនូវសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាន ដែលបានចែកចាយនៅតាមបណ្ដាញសង្គមថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅកាងភាគីម្ខាង ហើយប្រើប្រាស់អំពើហិង្សាទៅលើភាគីម្ខាងទៀត។ នេះបើយោងតាមការចុះផ្សាយ នៅលើ ហ្វេសប៊ុកផ្លូវការ របស់”នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ” នៅព្រលប់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៣នេះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប៉ុនប៉ងប្រើប្រាស់អំពើហិង្សា និងមានអាវុធ នៅចំណុចបុរីនិរោធ៍មានជ័យ ភូមិតាង៉ូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលកំពុងបំពេញការងារជំនាញនៅមូលដ្ឋាន ពិសេសកំពុងតាមដានមុខសញ្ញាដែលរត់ចេញពីពន្ធនាគារ នៅខេត្តសៀមរាប ក៏បានចុះទៅកន្លែងកើតហេតុដើម្បីសម្របសម្រួលអន្ដរាគមន៍ សំដៅធ្វើយ៉ាងណាបញ្ចៀសរាល់អំពើហិង្សាដែលអាចកើតមានឡើង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបន្តថា នៅកន្លែងកើតហេតុ ជនរងគ្រោះបានអះអាងថា ឈ្មោះ ស្រី មាសចាន់តារ៉ា ភេទប្រុស បានជេរប្រមាថ និងប៉ុនប៉ងប្រេីប្រាស់ហិង្សាទៅលេីភាគីម្ខាងទៀតដែលមានឈ្មោះ ណាង ស្រីម៉ិច និងឈ្មោះ គុយ គឹមធា។ ដោយមិនចង់មានបញ្ហាឈ្លោះប្រកែកគ្នា ឈ្មោះ ណាង ស្រីម៉ិច និងឈ្មោះ គុយ គឹមធា ជិះរថយន្តចេញពីកន្លែងកេីតហេតុទៅផ្ទះវិញ ស្រាប់តែឈ្មោះ មាស ស្រីចាន់តារ៉ា បានជិះរថយន្តតាមរករឿងពួកគាត់ ដល់ផ្ទះត្រង់ចំណុចបុរីប៉េង ហួតបឹងស្នោរ។ ពេលនោះពួកគាត់បានឃេីញថា ឈ្មោះ ស្រី មាសចាន់តារ៉ា មានកាំភ្លេីងខ្លី និងបំណងដកកាំភ្លេីងខ្លីមិនស្គាល់ម៉ាកចេញពីរថយន្ត។ ពួកគាត់មានការភិតភ័យ ក៏បានជិះរថយន្តទៅប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ៍ ប៉ុន្តែមិនទាន់មានការអន្ដរាគមន៍ ហើយក៏ប្ដឹងមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ បន្ទាប់ពីទទួលព័ត៌មាននេះ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សុំគោលការឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចុះទៅកន្លែងកេីតហេតុ។ នៅពេលកម្លាំងជំនាញចុះទៅដល់បានរាយការណ៍ និងសហការជាមួយមូលដ្ឋានដល់កន្លែងកេីតហេតុ សមត្ថកិច្ចយេីងបានឃេីញភាគីទាំងសងខាងកំពុងប្រតាយប្រតប់គ្នា សមត្ថកិច្ចក៏បានឃាត់ភាគីទាំងសងខាង កុំឲ្យឈ្លោះប្រកែកគ្នា បែរជាឈ្មោះ មាស ស្រីចាន់តារ៉ា និងក្រុមគ្រួសារបានជេរប្រមាថ មកលេីសមត្ថកិច្ចថា «មកកាងភាគីម្ខាងទៀតទៅវិញ»។ បន្ទាប់មកយេីងបានពន្យល់គាត់ ឲ្យពួកគាត់សម្របសម្រួលបែកគ្នាទៅផ្ទះវិញរៀងខ្លួន។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលបានចែកចាយនៅតាមបណ្ដាញសង្គមថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅកាងភាគីម្ខាង ហើយប្រើប្រាស់អំពើហិង្សាទៅលើភាគីម្ខាងទៀត។ ការចោទប្រកាន់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងសមត្ថកិច្ច ដែលកំពុងអនុវត្តតាមតួនាទីភារកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់៕នាគស