Saturday, November 23, 2024

មេការ ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ “ឡារីតា Larryta Express” បានបញ្ជារឱ្យកាប់មែកឈើធ្នង់មួយដើមចោលគ្មានសល់ នៅកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ ដើមធ្នង់មួយដើមដែលអាជ្ញាធរបានដាំលម្អ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវបាន បានមេការក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ ឡារីតា (Larryta Express) សាខាខេត្តសៀមរាប ដែលមានឈ្មោះ សុភា បញ្ជារឱ្យកាប់មែកចោលគ្មានសល់ ត្រង់ចំណុចខាងមុខ ការិយាល័យក្រុមហ៊ុនឡារីតា ដែលស្ថិតក្នុងភូមិចង់កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក សុភា ដែលគេស្គាល់ថាជាមេការ ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ ឡារីតា សាខាខេត្តសៀមរាប បានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន កាប់មែកដើមធ្នង់មួយដើម ដែលស្ថិតនៅទីតាំងខាងលើ ចោលគ្មានសល់ ដោយនៅត្រឹមតែដើមតែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា នៅពេលកំពុងតែកាត់មហាជនក៏បានសួរនាំផងដែរថា “តើហេតុអ្វីបានកាត់វាចោល” ភ្លាមនោះមេការក្រុមហ៊ុនក៏បានឆ្លើយថា “មូលហេតុដែលកាត់ចោលពីព្រោះ ដើមធ្នងមួយដើមនេះ ស្ទើរតែរលំដល់ដីទៅហើយ ពេលមានខ្យល់ម្ដងៗ ដូច្នេះកាត់វាចោលដើម្បីកុំឲ្យ ដួលបាក់រលំលើរថយន្តរបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ”។ មេការ ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ ឡារីតា សាខាខេត្តសៀមរាប លោក សុភា បានបន្តថា ” ខ្ញុំបានរាយការណ៍ជូនលោកអភិបាលរងក្រុងម្នាក់ ដែលមានឈ្មោះ យ៉ុង ហើយ លោក យ៉ុង បានអនុញ្ញាតឱ្យខ្ញុំកាត់មែកឈើធ្នង់នោះដោយប្រើរណា”។

លោក សុភា បញ្ជាក់ថា ក្រោយពេលកាត់រួចរាល់ជំនាញក៏បានចុះមកដល់ទីតាំង រួចធ្វើការសួរនាំថា “តើការកាត់នេះមានសុំច្បាប់អនុញ្ញាតដែរឬទេ?” ហើយក្រោយពីរៀបរាប់នូវរឿងរ៉ាវរួច ជំនាញក៏បានចាកចេញទៅ ប៉ុន្តែលោកមិនបានចាំថាជំនាញខាងណានោះទេ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយពេលកាប់ដើមឈើនេះហើយ គេឃើញមានសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំង នឹងបានធ្វើការសួរនាំ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏នាំគ្នាចេញទៅវិញបាត់អស់ទៅ ដោយទុក្ខមែក និងស្លឹកឈើចោល នៅខាងមុខការិយាល័យរថយន្តឡារីតា ចំណែកឯដើមធ្នង់នោះ ក៏នៅតែឈរឆ្អឹងគ្មានស្លឹកដដែល។

មហាជនដាក់ការសង្ស័យថា ប្រហែលជាជំនាញត្រូវរូវគ្នាហើយ ទើបមិនមានចំណាត់ការអ្វី ? ហើយចាកចេញទៅដោយស្ងាត់ៗ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ និងមេការ របស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា សាខាខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីកាប់មែកឈើអស់រលីងនេះ នៅរសៀលថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី នៅពុំទាន់អាចធ្វើការទំនាក់ទំនង ទៅកាន់ លោក យ៉ុង (អភិបាលរងក្រុងសៀមរាប) លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ជំនាញរដ្ឋបាលព្រៃឈើ និងអ្នកនាំពាក្យសាលាខេត្តសៀមរាប បាននៅឡើយទេ ដោយសារផុតម៉ោងរដ្ឋបាល៕នាគស

ព័ត៌មានពេញនិយម