ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អតីតអភិបាលរងខេត្តសៀមរាប មានឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ ដែលព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តនេះ ត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នាឱកាសនោះផងដែរ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានធ្វើកិច្ចស្វាគមន៍ និង គោរពរបាយការណ៍ជួន ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវ រវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវ ក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
បន្ទាប់មក ឯកឧត្តម អ៊ូង ចន្ធី អគ្គនាយករង និង ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានឡើងអាននូវព្រះរាជក្រឹត្យ ស្តីពីការតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ ឲ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំមកនូវការអភិវឌ្ឍន៍ លើកគ្រប់វិស័យបន្តជំនួសឯកឧត្តម ទៀ សីហា អតីតអភិបាលខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើពិធីប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត ព្រមទាំងទទួលសណ្ដាប់នូវការធ្វើសេចក្ដីប្តេជ្ញាចិត្ត របស់ ឯកឧត្តមអភិបាលខេត្ត ដែលទើបតែងតាំងថ្មីរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍សំណេះសំណាល បញ្ជាក់ ផ្តាំផ្ញើ ផងដែរថា “តាមច្បាប់ក្រឹត្យក្រម របស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនោះឡើយ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា “ការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។”
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានធ្វើការកោតសរសើរនូវសមទ្ធិផលដែល ឯកឧត្តម ទៀ សីហា ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាត់ថ្មី ហើយសមទ្ធិផលទាំងនេះ ក៏កើតឡើងពីប្រទេសមានសុខសន្តិភាព ហើយក៏សមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។” ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាថា “ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ព្រមទាំងចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងការបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផងដែរ។”
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន។
ឯកឧត្តម អភិសន្តិបណ្ឌិត បន្តលើកឡើងអំពីច្បាប់មួយចំនួន ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើមី្បធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់ ឯកឧត្តមអភិបាលខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រងបណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អ ជាមួយអង្គការជាតិ អន្តរជាតិ និង យកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋ ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្ត៕នាគស