Sunday, November 24, 2024

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចេញមកពន្យល់ ប្រសាសន៍ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថា “ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ… ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ) តែមួយ”

រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ របស់គណៈរដ្ឋមន្ត្រីនីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា ចេញមកពន្យល់ ប្រសាសន៍ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថា “ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ… ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ” នៅលើ Facebook ផ្លូវការ របស់ឯកឧត្តម កាលពីរសៀលថ្ងៃទី ០១ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ថា “ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះ បានបង្ហាញពី វប្បធម៌ ឬអាចនិយាយថាជា DNA នៃការឯកភាព សាមគ្គីភាពផ្ទៃក្នុងរបស់យើង ដែលតែងតែធ្វើឲ្យយើងមានភាពធន់ និងកាន់តែរឹងមាំជានិច្ច។”
ការលើកឡើងបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី ហាក់មានចេតនាចង់ ធ្វើការពន្យល់បន្ថែម ទៅលើចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពល របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជុំវិញការតែងតាំងមន្ត្រី៊។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា “ព្រឹកនេះខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។”
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរូបនេះបន្តថា “ជាការពិត គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។ ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថាជាការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងប្តេជ្ញាជានិច្ចក្នុងការគោរពតាមទស្សនវិស័យ និងគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចឥតងាករេ ក្នុងគោលដៅដើម្បីជាតិ និងប្រជាជនរបស់យើង ជាពិសេស គឺដើម្បីសេចក្តីសុខសាន្តនិងសុភមង្គលសម្រាប់អ្នកជំនាន់ក្រោយ។”
ទោះបីជាយ៉ាងណា ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ពេលនេះ បានធ្វើឲ្យរដ្ឋមន្ត្រី និងរាជការសាធារណៈ កាន់តែយល់ច្បាស់ នូវវត្ថុបំណង ដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ ពោរពេញទៅដោយថាមពលនេះ មានការវាយតម្លៃត្រឹមត្រូវ ផ្ដល់ឱកាសជូនឈាមថ្មី មានសមត្ថភាព តែមិនបោះបង់ចោលអ្នកចាស់នោះឡើយ។
មន្ត្រីរាជការសារធារណៈ ក្រោមឱវាទ មានក្ដីសង្ឃឹមប្រកបដោយមោទនភាព ចំពោះរាជរដ្ឋាភិបាលថ្មី ថាពួកគាត់នឹងមានឱកាស ឈានឡើង នៅថ្ងៃណាមួយជាមិនខាន នៅពេលពួកគាត់មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់៕នាគស

ព័ត៌មានពេញនិយម