រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីរួមគ្នាដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗដែលនៅសេសសល់ ដែលផ្តោតសំខាន់លើ៥ចំណុច រួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.អំពើឆក់ប្លន់, ៤.ការជួញដូរមនុស្ស, ៥. ក្មេងទំនើង និង៦.បញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។
ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមអភិសន្ដិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំង ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ជាច្រើនរូប នារសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីជូនជាតិសម្រេចបានជោគជ័យធំៗជាច្រើនកន្លងទៅ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានម៉ឺងម៉ាត់ និងត្រូវថែរក្សានូវស្នាដៃចាស់ដែលមានស្រាប់ឱ្យរឹតតែមានភាពរីកចម្រើនក្នុងវិស័យកងកម្លាំងនគរបាលជាតិ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺមានភារកិច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ណែនាំដល់ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះ មន្ត្រីបុស្តិ៍នគរបាលរដ្ឋបាលនៅមូលដ្ឋាន ពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហានានារបស់បុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងជួបប្រទះ ជាពិសេស ការកង្វះមន្ត្រីបំរេីការងារ ដែលជាកម្លាំងដ៏សំខាន់នៅកៀកនឹងប្រជាពលរដ្ឋក្នុងការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ជាទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តចូលរួមសហការដឹកនាំ អនុវត្តនូវតួនាទីភារកិច្ចដែលបានប្រគល់ជូនក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាលនេះ ទទួលបានលទ្ធផលជោយជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ និង ជួនពរដល់ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំង ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត គ្រប់ៗរូប ជួបតែសេចក្តីសុខ សេចក្តីចំរើន សុខភាពល្អ រឹងមាំ ចូលរួមទាំងអស់គ្នាដើម្បីជាតិ និងប្រជាជន៕នាគស