រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលបានផ្ទុះកំហឹងទះកំផ្លៀង ស្រ្តីនៅតាមផ្លូវពីថ្ងៃមុន ដោយគ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់គ្នានោះ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនហើយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។
លោកឧត្តមសេនីយ៍ត្រី បន្តថា ជាលទ្ធផលកម្លាំងបានរកឃើញបុរសម្នាក់ ដែលបានបង្កហិង្សា ដោយទះកំផ្លៀង ទៅលើស្ត្រីភេទនៅទីសាធារណៈនោះហើយ និងបានធ្វើការឃាត់ខ្លួនផងដែរ។
បុរសដែលជាជនបង្កនោះមានឈ្មោះ ទី សុផាណា មុខរបរ ជាអនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បញ្ជាក់ថា បុរសម្នាក់ដែលបានប្រើហិង្សានោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើការនាំយកមកធ្វើការសាកសួរលម្អិត ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ហើយ។
សូមរំលឹកជួនផងដែរថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានករណីបុរសម្នាក់បានផ្ទុះកំហឹងទះកំផ្លៀង ស្រ្តីនៅតាមផ្លូវដោយសារមូលហេតុ ស្ត្រីរូបនោះនិងប្អូនប្រុស បានជិះម៉ូតូសាចទឹកដាក់ខ្លួន ក៍ត្រូវបានជនដៃដល់រូបនោះទះកំផ្លៀង។
រឿងរ៉ាវនេះត្រូវបានសាធារណៈជនថតជាប់ និងធ្វើការបង្ហោះចែកចាយយ៉ាងទូលាយ នៅលើបណ្តាញសង្គម ដោយមានជាវីដេអូខ្លី ដែលបង្ហាញពីភាពក្រោធ ច្រឡោតខឹង របស់បុរសជាជនសង្ស័យរូបនោះ និងបន្តប្រតាយប្រតប់គ្នាជាមួយយុវជនម្នាក់ទៀតដែលជាប្អូនប្រុសរបស់យុវតីរងគ្រោះ បន្ថែមទៀត។
បុរសនោះ បានបង្កអោយមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជនទូទៅ ដោយសារគាត់ជាមនុស្សប្រុសទៅវាយទៅលេីមនុស្សស្រីទន់ខ្សោយ ហេីយយុវតីរងគ្រោះ ក៍បានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច ឱ្យជួយចាត់ការតាមនិតិវិធីតែម្ដង៕នាគស