Monday, November 25, 2024

លួងលោមខាងស្រីអោយត្រូវគ្នាវិញមិនបាន កាប់នាងបីកាំបិត ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពីព្យាយាមរត់គេចខ្លួន

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបាន បន្ទាប់ពីកាប់ទៅលើនារីរងគ្រោះជាសង្សាបីកាំបិត និងបានព្យាយាមរត់គេចខ្លួន ទៅសម្ងំលាក់ខ្លួន ក្នុងភូមិតាងួន ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននោះ មានឈ្មោះ ស៊ុំ ឈង់  ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់នំបញ្ជុក កើតនៅភូមិក្រសាំងរលើង ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប គឺពាក់ព័ន្ធនិងបទល្មើសជាក់ស្តែងករណីប៉ុនប៉ងឃាតកម្ម (បង្កឡើងដោយអនីតិសង្វាសជន) ប្រព្រឹត្តកាលពីវេលាម៉ោង ២៤ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ គ.ដ.ន ភេទស្រី អាយុ ៤៨ឆ្នាំ  នៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ស៊ុំ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទំនាក់ទំងស្នេហាជាមួយ ហើយពួកគាត់ទាំងពីរនាក់បានរួមរស់ជាមួយគ្នាបែបអនីតិសង្វាសជន ក្រោយមកពួកគាត់ទាំងពីរ មានទំនាស់ជាមួយគ្នាជាបន្តបន្ទាប់។ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ស៊ុំ ឈង់ បានចុះចេញពីលំនៅដ្ឋាន ហើយនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ខណៈជនរងគ្រោះឈ្មោះ គ.ដ.ន កំពុងដេកនៅផ្ទះរបស់ខ្លួនស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ស្រាប់តែឈ្មោះ ស៊ុំ ឈង់ បានមកដល់ហើយសួរនាំរឿងទំនាក់ទំនងស្នេហា និងសុំជនរងគ្រោះត្រូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមទើបមានទំនាស់ពាក្យសម្តីជាមួយគ្នា ហើយជនសង្ស័យឈ្មោះ ស៊ុំ ឈង់ បានដើរចេញពីផ្ទះជនរងគ្រោះ មួយសន្ទុះ លុះដល់វេលាម៉ោង២៤ និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យប្រដាប់ដោយកាំបិតតាំងតោក្នុងដៃ ដើរចូលមកក្នុងផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវចាំចង្កា ០១កាំបិត, ចំ ក ផ្នែកខាងឆ្វេង ០១កាំបិត និងចាំថ្ពាល់ផ្នែកខាងឆ្វេង ០១កាំបិត បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែកជនបង្កបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីទទួលបណ្តឹងជនរងគ្រោះ និងស្តាប់បំភ្លឺសាក្សី កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក៍បានធ្វើការឃាត់ខ្លួនជនដៃដល់ នៅចំណុចភូមិតាងួន ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីសាកសួរ ជនដៃដល់ បានឆ្លើយសារភាពថា នៅអំឡុងឆ្នាំ២០១៩ រូបខ្លួននិងជនរងគ្រោះឈ្មោះ គង់ ដានី ភេទស្រី អាយុ ៤៨ឆ្នាំ  បានរួមរស់ជាមួយគ្នាបែបអនីតិសង្វាសជន ហើយចាប់តាំងពីចុងឆ្នាំ២០២០ មកខ្លួនតែងតែមានទំនាស់ជាមួយជនរងគ្រោះជាបន្តបន្ទាប់ ដោយសារជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសផ្សេងទៀត។ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានចុះចេញពីលំនៅដ្ឋាននៅភូមិវាល សង្កាត់គោកចក ទៅស្នាក់នៅផ្ទះជាមួយឪពុក ស្ថិតនៅភូមិក្រសាំរលើង សង្កត់សៀមរាប ហើយក៏ព្យាយាមទំនាក់ទំនងមកប្រពន្ធតាមទូរស័ព្ទ តែគាត់មិនព្រមនិយាយជាមួយនោះទេ។ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានយកកាំបិតតោចំនួន ១ដើម ដាក់តាមម៉ូតូ បើកចេញពីផ្ទះនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប មករកជនរងគ្រោះនៅភូមវាល សង្កាត់គោក ដើម្បីសុំត្រូវគ្នាវិញ ក្នុងករណីដែលនាងមិនព្រមត្រូវរូវទេ រូបគេនិងកាប់តែម្តង។ ជាក់ស្តែងពេលមកដល់ខ្លួនបាននិយាយលួងលោមសុំត្រូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមនោះទេ ទើបមានកំហឹងដោយសារភ្លើងប្រចណ្ឌ ខ្លួនក៏បានកាប់ទៅលើជនរងគ្រោះចំនួន ៣កាំបិតតាំងតោ ដូចបានរៀបរាប់ខាងលើតែម្តង។ ក្រោយធ្វើសកម្មភាព ខ្លួនបានយកកាំបិតតាំងតោទៅបោះចោលនៅក្រោយផ្ទះជនងរងគ្រោះចម្ងាយប្រហែល ១០០ម៉ែត្រ  លុះដល់វេលាម៉ោង៣និង០០នាទីទាបភ្លឺ ក៏បានបើកម៉ូតូគេចខ្លួនទៅផ្ទះម្តាយម៉ីងស្ថិតនៅភូមិតាងួន ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននឹងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនដៃដល់ខាងលើ ទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការតាមនិតិវិធី។

សូមយល់ដឹងផ្នែកច្បាប់៖ “អនីតិសង្វាស” តើការរួមរស់ជាមួយគ្នាដែលជាអនីតិសង្វាសបែបនេះអាចធ្វើឱ្យមានផលប៉ះពាល់ដែរ ឬទេ?

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលផ្តល់នូវនិយមន័យ ឬលក្ខខណ្ឌច្បាប់ដែលចែងអំពីអនីតិសង្វាសនោះទេ។គ្រាន់តែបានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីទំនៀមទម្លាប់ ឬរួមរស់ជាមួយគ្នាដែលមានលក្ខណៈដូចជាប្ដី-ប្រពន្ធមិនបានរៀបអាពាហ៍ពិពាហ៍ ដោយមិនបានចុះបញ្ជី សំបុត្រអាពាហ៍ពិពាហ៍ ត្រូវបានហៅថា «អនីតិសង្វាស»។

ការរួមរស់ជាអនីតិសង្វាសបែបនេះ អាចធ្វើឱ្យភាគីទាំងពីរបាត់បង់នូវសិទ្ធិ និងផលប្រយោជន៍ ដែលអាចនាំឱ្យមានផលវិបាកមួយចំនួនដល់ភាគីទាំងពីរ ដូចជា៖

•១៖ ទំនាក់ទំនងញាតិនៅក្នុងរង្វង់គ្រួសាររបស់ភាគីទាំងពីរ មិនត្រូវបានបង្កើតឡើងនោះទេ។

•២៖ ប្រាក់ចំណូលដែលបានមកក្នុងអំឡុងពេលអនីតិសង្វាស គឺខុសពីប្រាក់ចំណូលដែលបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ស្របច្បាប់ ពោលគឺប្រាក់ចំណូលដែលបានមកក្នុងអំឡុងពេលអនីតិសង្វាសនេះ មិនត្រូវបានចាត់ទុកថាជាទ្រព្យរួមរបស់ភាគីទាំងពីរឡើយ។

•៣៖ ប្ដី ឬប្រពន្ធនៃអាពាហ៍ពិពាហ៍ស្របច្បាប់ នឹងក្លាយទៅជាសន្ដតិជនជានិច្ច ក្នុងការទទួលបានមត៌ករបស់ ភាគីម្ខាងទៀត នៅពេលដែលប្ដី ឬប្រពន្ធ បានទទួលមរណៈភាព ។ ប៉ុន្តែចំពោះអនីតិសង្វាសវិញ គឺនៅពេលភាគីម្ខាងបានទទួលមរណភាព ដូចនេះភាគីម្ខាងទៀតមិនអាចក្លាយជាសន្តតិជនជានិច្ចតាមច្បាប់ ក្នុងការទទួលបានមរតក៌នោះឡើយ លើកលែងតែមានបណ្ដាំមត៌ក។

•៤៖ នៅក្នុងអំឡុងពេលអនីតិសង្វាស ភាគីម្ខាងមានសិទ្ធិក្នុងការរួមរស់ ឬរកដៃគូថ្មីបាន ដោយពុំចាំបាច់ដាក់ពាក្យបណ្តឹងលែងលះតាមផ្លូវតុលាការ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះទេ។ ករណីនេះ ភាគីម្ខាងទៀតក៏មិនអាចប្តឹងទៅភាគីម្ខាង ពីបទ អំពើផិត ឬសាហាយស្មន់ផងដែរ ដោយហេតុថា ភាគីទាំងពីរពុំមានចំណងអាពាហ៍ពិពាហ៍តាមច្បាប់នោះទេ។

•៥៖ អនីតិសង្វាសនេះទៀតសោត ក៏ពុំមានអភ័យឯកសិទ្ធិគ្រួសារ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះដែរ ពោលគឺអំពើលួចទ្រព្យសម្បត្តិរបស់ប្ដី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់ មិនអាចត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌបានទេ។

សរុបមក អនីតិសង្វាស គឺជាការរួមរស់ជាមួយគ្នា ដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ត្បិតតែនៅពេលបែកបាក់គ្នា ភាគីនៃអនីតិសង្វាសមិនមានភាពស្មុគស្មាញដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់ក៏ដោយ ប៉ុន្តែអនីតិសង្វាសនេះ ក៏មិនត្រូវបានច្បាប់ការពារ និងទទួលបានអត្ថប្រយោជន៍ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះដែរ៕នាគស

ព័ត៌មានពេញនិយម