រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា “ក.ប.ប” បានចាត់វិធានការត្រួតពិនិត្យ និងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា ដោយប្រើរយៈពេល ០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋាន ក.ប.ប ឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា មន្រ្តី “ក.ប.ប” បានចុះត្រួតពិនិត្យ និងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ។
អគ្គនាយកដ្ឋាន ក.ប.ប បន្តថា ក្នុងការប្រតិបត្តិការនេះ ជំនាញបាន រកឃើញ និងដកហូតនូវផលិតផល មានចំនួនរហូតទៅដល់ ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។
អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា ក.ប.ប នឹងបន្តចុះអនុវត្តការត្រួតពិនិត្យនិងបង្រ្កាបទៅលើរាល់ផលិតផលដែលល្មើស និងបំពានច្បាប់ជាប្រចាំ សំដៅរក្សាបាននូវបរិយាកាសវិនិយោគ ការប្រកួតប្រជែងក្នុងសកម្មភាពអាជីវកម្មដោយស្មោះត្រង់ ស្មើភាព និងការពារបាននូវផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ច និងសុខុមាលភាព។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មក្នុងសកម្មភាពប្រកបដោយភាពសុចរិត គោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជៀសវាងបាននូវការប្រឈមចំពោះផ្លូវច្បាប់ជាយថាហេតុ។
ទោះបីជាយ៉ាង អគ្គនាយកដ្ឋាន ក.ប.ប មិនបានប្រាប់អំពីឈ្មោះទីតាំង និងចំណាត់ការលើម្ចាស់ទីតាំង ដែលបានចុះធ្វើការបង្ក្រាបនោះទេ៕នាគស