ខេត្តសៀមរាប៖ កិច្ចពិភាក្សាមួយលើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត និងតំណាងក្រុមហ៊ុនចិន China Metro ដែលមាន លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី នៃស្ថាប័នពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលា ខេត្ត ព្រមទាំង ទីចាត់ការអន្តរវិស័យ អាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធផងដែរ នៅសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣កន្លងទៅនេះ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ គឺដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរណ៍ និង សេវាកម្មដឹកជញ្ជូន នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗ មកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាខេត្តសម្បូរប្រាង្គប្រាសាទបូរាណ និង រមនីយដ្ឋាន ធម្មជាតិ។
អភិបាលរងខេត្តរូបនេះ បានមានប្រសាសន៍បន្តថា ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាម រដ្ឋបាលខេត្តសៀមរាប សូមធ្វើការគាំទ្រ និង ត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និង ប្រមូលទិន្នន័យ។
លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានធ្វើការបញ្ជាក់ឲ្យដឹងផងដែរថា គម្រោងស្ថាបនាផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើស ដោយមួយស្ថិតនៅលើផ្លូវ ចាស់ និង មួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។ ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និង ទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និង អាចមានការប៉ពាល់តំបន់បូរាណដ្ឋាន ឬ តំបន់ ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។
លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឱ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះ អាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និង ទិន្នន័យធាតុផំ្សបញ្ចូលរបស់គម្រោង ទៅឱ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និង ប្រមូលធាតុចូល នៃគម្រោង ផ្លូវរថភ្លើងថ្មីធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាបផងដែរ។
លោក អភិបាលខេត្តរង បញ្ជាក់ថា ដើម្បីប្រមូលព័ត៌មាន និង ទិន្នន័យឲ្យបានជាក់លាក់ យើងទាមទា នូវកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោងរបស់ក្រុមហ៊ុន ដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ។ តែដោយក្នុងគម្រោងក៏មិនបានបង្ហាញនូវភាពជាក់លាក់ តើឆ្លងកាត់តំបន់អង្គរ នៅចំណុចណានៅឡើយ ដែលធ្វើឲ្យកិច្ចពិភាក្សានេះ មិនទទួលបានលទ្ធផលនៅឡើយ៕នាគស