Tuesday, November 26, 2024

ឯកឧត្តមបណ្ឌិត ស សុខា កោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងក្នុងការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀននៅខេត្តសៀមរាប

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងក្នុងការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀននៅខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តមបណ្ឌិត “Sar Sokha” នៅព្រលប់ថ្ងទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា “ខ្ញុំសូមកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ”។

ឯកឧត្តមបណ្ឌិតបន្តថា “ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ”។

ឯកឧត្តមបណ្ឌិត ថ្លែងបញ្ជាក់ដោយលើកទឹកចិត្តថា “ជាមួយគ្នានេះខ្ញុំក៏សូមលើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ ក៏ដូចជាឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ប្រកបដោយភាពសុខសាន្ត”។

សូមជម្រាបជូនផងដែរថា នេះជាសារសរសើរលើកទឹកចិត្តដំបូងបង្អស់ របស់ឯកឧត្តមបណ្ឌិត ជួនដល់កងកម្លាំង មានសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ ចាប់តាំងពី ឯកឧត្តមបណ្ឌិត ចូលកាន់ដំណែងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

សូមរំលឹកជួនផងដែរថា មន្ត្រីពន្ធធានាគារខេត្តសៀមរាប នាំយកអ្នកទោស ដែលជាឧក្រិដ្ឋជនគ្រឿងញៀន ចិនតៃវ៉ាន់ មានទោសជាប់ពន្ធនាគារចំនួន៥២ឆ្នាំ ទៅព្យាបាលមាត់ធ្មេញ ត្រូវក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បានចូលទៅធ្វើសកម្មភាពប្លន់រំដោះចេញ ពីក្នុងគ្លីនិកព្យាបាលមាត់ធ្មេញយីហោ ជុំ ចិន្ដា ដែលស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ៨ និង ៤៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ និងត្រូវបានចាប់ខ្លួនបក្សពួកឧក្រិដ្ឋជន ជាបន្តបន្ទាប់ ហើយជាចុងក្រោយក៍បានរកឃើញនិងចាប់ខ្លួនទណ្ឌិតឧក្រិដ្ឋជនគ្រឿងញៀន ចិនតៃវ៉ាន់ នោះត្រឡប់ចូលគុកវិញផងដែរ៕នាគស

ព័ត៌មានពេញនិយម