ខេត្តសៀមរាប៖ បុរសម្នាក់បាត់ចេញពីផ្ទះ ពេលប្រទះឃើញអណ្ដែតទឹក”ស្លាប់” ក្បែរ Hard Rock Cafe ទៅហើយ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។
ប្រភពពីសាច់ញាតិបានឱ្យដឹងថា បុរសដែលបានបាត់ខ្លួននោះមានឈ្មោះ ជុន ច័ន្ទតារា អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ និងមានជំងឺប្រចាំកាយ ស្កន់ជាន់(តេតានុស) មានទីលំនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពបន្តថា កាលពីម៉ោង ៥ និង ០០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ លោក ជុន ច័ន្ទតារា បានជិះកង់ចេញពីផ្ទះហាត់ប្រាណ ដូចសព្វមួយដង ប៉ុន្តែមិនបានឃើញគាត់ត្រឡប់មិនផ្ទះវិញឡើយ។ ដោយមានការព្រួយបារម្ភ អំពីស្ថានភាពជំងឺរបស់គាត់(សព) បងប្អូនសាច់ញាតិក៍បានចេញតាមរក តែមិនប្រទះឃើញសោះ រហូតមានការប្រកាសតាម គ្រុបសារព័ត៌មាននានា ដើម្បីជួយរក។
ប្រភពបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ (ថ្ងៃបន្ទាប់) ក្រុមគ្រួសារសាច់ញាតិ បានទទួលព័ត៌មានថា គេប្រទះឃើញសាកសពបុរសម្នាក់មានភិនភាគ ដូចសាច់ញាតិដែលគាត់ប្រកាសថា បានបាត់ខ្លួននោះ អណ្ដែតទឹកស្ទឹងសៀមរាប ក្បែររហាត់ទឹក ខាងជើង Hard Rock Cafe។ លុះមកដល់ទីកន្លែង ក៍ពិនិត្យឃើញថា ពិតជាសាច់ញាតិរបស់ខ្លួន ឈ្មោះ ជុន ច័ន្ទតារា ពិតប្រាកដមែន។
សមត្ថកិច្ចថា សពជនរងគ្រោះត្រូវបានប្រទះឃើញ ទើរក្បែរច្រាំងនៃស្ទឹងសៀមរាប ក្រោមរហាត់ទឹក របស់ផ្សារ”ឃីងស៍រូដអង្គរ” (King’s Road Angkor) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ៨ និង ០០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចបន្តថា ជំនាញស្រង់សាកសពមក មានសភាពហើមតិចៗ មានក្លិនស្អុយ និងមិនមានស្លាកស្នាមបទល្មើសអ្វីនោះទេ។
សមត្ថកិច្ចបញ្ជាក់ថា សពត្រូវបានប្រគល់ជួនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក សម្ភារៈដែលសព មានដូចជា កង់ និង ទូរស័ព្ទដៃ iphone បានបាត់ទៅ ត្រូវបានជំនាញព្រហ្មទណ្ឌ កំពុងស្រាវជ្រាវ ស្វែងរកបន្ត៕នាគស