Tuesday, November 26, 2024

សមត្ថកិច្ចថា ពុំមានការលេងល្បែងស៊ីសងខុសច្បាប់, ប្រជាពលរដ្ឋថាបានបិទមុនមួយថ្ងៃ តែប្រជាពលរដ្ឋក៍មានការសាទរ ដែលឃើញថាទីតាំងល្បែង “អាប៉ោង” របស់ លោក ភា ត្រូវបានបិទ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋមានការសាទរ ដែលឃើញថា ទីតាំងល្បែង “អាប៉ោង” របស់ លោក ភា ដែលស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបិទ បន្ទាប់ ពីមានការផ្សាយ របស់អង្គភាព បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ មកកាន់ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែន ដេលី កាលពីរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្លក្រាម បានចុះទៅដល់ទីតាំងខាងលើ ហើយឃើញថាពិតជាបានបិទ និង មានសភាពស្ងប់ស្ងាត់មែន។

ប្រភពបញ្ជាក់ថា ថៅកែល្បែងដុះស្លែ ឈ្មោះ ភា នេះបានបើកល្បែងស៊ីសងរាប់ឆ្នាំមកហើយ និងបានប្តូរទីតាំងលែងជាញឹកញាប់ផងដែរ នៅពេលណាដែលបែកធ្លាយដល់អ្នកសារព័ត៌មាន ប៉ុន្តែយ៉ាងណានោះគេមិនបានផ្លាស់ប្តូរទៅណាឆ្ងាយពីខេត្តសៀមរាបនោះទេ។ប្រជាពលរដ្ឋ ក៍សូមសម្ដែងនូវក្ដីសារទរ ចំពោះការចុះដល់មូលដ្ឋានរបស់ក្រុមសមត្ថកិច្ច ដែលពលរដ្ឋបានរាយការណ៍ និងសូមសំណូមពរន្ថែមថា មេត្តាជួយពង្រឹងបន្ថែម នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ដើម្បីប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងជាពិសេសគោរពឱ្យបានម៉ឺងម៉ាត់ ទៅតាមអនុសាសន៍ដ៍ថ្លៃថ្លារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្ដេច បានឱ្យលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានផង។

ទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៣ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញនូងសេចក្តីបំភ្លឺព័ត៌មាន គោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន ជ្រាបអំពីការផ្សាយ របស់ “គេហទំព័រ គូលែនដេលី Kulen Daily” ដែលដាក់ចំណងជើងថា៖ “លោក ភា ជាមេល្បែង (អាប៉ោង) ដុះស្លែប្រចាំខេត្តសៀមរាប ដែលសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប”។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះធ្វើការស្រាវជ្រាវដល់ទីតាំងខាងលើ ដែលលទ្ធផលទទួលបានមានដូចខាងក្រោម៖

ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យដល់ទីតាំងសង្ស័យខាងលើ នៅម្ដុំខាងត្បូងសាលារៀនធ្លកអណ្ដូង ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រោម ក្រុងសៀមរាប ខេត្តសៀមរាប ដោយពិនិត្យឃើញថា ពុំមានលេងល្បែងស៊ីសងខុសច្បាប់ ដូច គេហទំព័រ គូលែនដេលី Kulen Daily បានសរសេរចុះផ្សាយនោះទេ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា អាស្រ័យហេតុនេះ សូមលោកនាយកគេហទំព័រ គូលែនដេលី Kulen Daily ជួយកែតម្រូវនូវខ្លឹមសារ ដែលបានចុះផ្សាយដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង។

អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែន ដេលី សូមធ្វើការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានធ្វើការស្រាយបំភ្លឺយ៉ាងក្បោះក្បាយ ចំពោះករណីល្បែងស៊ីសង”អាប៉ោង”ខុសច្បាប់ ដែលអង្គភាពយើងបានចុះផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រគូលែនដេលី មើលឃើញថានេះជាការចូលរួមចំណែកដ៏ផុលផុស និងធំធេងណាស់ ក្នុងការលើកកម្ពស់នូវសុខសុវត្ថិភាព របស់ ភូមិ ឃុំ សង្កាត់ ដែលស្របទៅនឹងអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៃយើង ក្នុងការលើកកម្ពស់គោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព ជាពិសេសលុបបំបាត់ឱ្យខានតែបាន នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។

អង្គភាពយើងធ្វើការផ្សាយទៅនេះ គ្រាន់តែជាការពាំនាំ នូវកង្វល់របស់ប្រជាពលរដ្ឋ ចំពោះបញ្ហាអសកម្មមួយចំនួន ជូនថ្នាក់ដឹកនាំខាងលើជ្រាប នឹងនៅតែបន្តសកម្មភាព នៃការផ្សាយក្នុងករណី លោក”ភា” នេះ រហូតប្រជាពលរដ្ឋ លេងមានការរំខាន និងព្រួយបារម្ភចំពោះរឿងនេះបន្តទៀត។

ហើយអង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រគូលែនដេលី មិនមានចេតនាណាមួយ ប្រមាថ និងជាន់ពន្លិច ចំពោះអង្គភាពសាមី ដែលមានសមត្ថកិច្ចនោះឡើយ៕នាគស

ព័ត៌មានពេញនិយម