ខេត្តសៀមរាប៖ លោក ភា ជាមេល្បែង”អាប៉ោង” ដុសស្លែរប្រចាំខេត្តសៀមរាប ដែលសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប។ នេះបើយោងតាមមិត្តអ្នកអានដែលនិយម និងញៀនល្បែង”អាប៉ោង” ប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។
ប្រភពថា ជាការពិតណាស់ក្រុមអ្នកញៀនល្បែងស៊ីសងភាគច្រើននៅខេត្តសៀមរាប បានស្គាល់យ៉ាងច្បាស់ នូវមេបើកបនល្បែងស៊ីសងដ៏ធំឈ្មោះ ភា ដោយគ្មានសមត្ថកិច្ចក្នុងខេត្តទេសចរណ៍មួយនេះ ហ៊ានប៉ះពាល់នោះឡើយ។ មហាជនដែលដឹងរឿងនេះបានកោតរសើរថា ក្រៅពីលោក ភា គ្មានអ្នកណាអាចហ៊ានបើក ល្បែងស៊ីសងបាននោះឡើយ នៅក្នុងខេត្តសៀមរាប ។ តើមូលហេតុអ្វីបានជាលោក ភា អាចបើកល្បែងស៊ីសងអាប៉ោងរាប់ឆ្នាំ ប្រចាំនៅអាណាចក្រក្រុងខេត្តសៀមរាប រហូតមកដល់សព្វថ្ងៃនេះ ដោយគ្មានអ្នកបង្ក្រាប? នៅក្នុងសំណួរនេះ វាហាក់មិនពិបាករកចម្លើយ ឆ្លើយនោះទេ មូលហេតុដែល លោក ភា អាចបើកល្បែងស៊ីសងបាន ដោយរលូននិងគ្មានការរំខាន ពីសំណាក់សមត្ថកិច្ចនោះ ព្រោះថា លោក ភា គឺជាឈ្មួញល្បែងដុះស្លែម្នាក់ប្រចាំនៅខេត្តសៀមរាប ដែលបានស្គាល់ចិត្តថ្លើមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យ៉ាងច្បាស់ថា ត្រូវការអ្វី? ហើយ លោក ភា ដឹងច្បាស់ណាស់ថា “សត្វខ្លា សត្វតោ វាត្រូវការស៊ីអ្វីជាអាហារប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំនោះ” ម្យ៉ាងលោក ភា មេល្បែងបានស្គាល់ចិត្តថ្លើមអំពី សត្វតោ សត្វខ្លា វាមិនត្រូវការស៊ីស្មៅជាអាហារនោះទេ។ ចំណែកការចំណាយសែនព្រេនរបស់លោក ភា ជាមេល្បែងជូនអស់លោកសមត្ថកិច្ចវិញ គឺប្រតិបត្តិបានយ៉ាងត្រឹមត្រូវចាប់តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ គឺលោក ភា បានចេះរៀបចំស្រោមសំបុត្រ ចំពោះសមត្ថកិច្ច ដែលមានតួនាទីបង្ត្រាបបានតាមឋានានុក្រម។ បើមិនបានរៀបចំដូច្នោះនោះទេ លោក ភា ក៏មិនអាចឈរជើងបើកល្បែងស៊ីសងបានយ៉ាងរលូនប្រកបដោយក្តីសុខឡើយ គឺប្រាកដណាស់ថា បើមិនជូនលាភដល់សមត្ថកិច្ចវិញ នោះអាប៉ោងរបស់លោក ភា បាញ់មិនទាន់រលំផង ពិតជាបងៗសមត្ថកិច្ច ចុះទៅបង្ក្រាប បាត់ទៅហើយ។ បច្ចុប្បន្នថៅកែបនល្បែងស៊ីសង ឈ្មោះ លោក ភា នេះបានបើកលេងល្បែងអាប៉ោងយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ នៅត្រង់ចំណុចផ្ទះរបស់បុរសម្នាក់ឈ្មោះ សេង ដែលមានទីតាំងស្ថិតនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺចូលតាមចំណុចផ្សារត្រាំនាគ ខាងត្បូងផ្សារ បន្តដំណើរតាមផ្ទះសំណាក់ ផន សោភា ទៅកើតប្រហែល ២៥០ម៉ែត្រ រួចបត់ស្តាំ ចូលប្រហែល ១៥ម៉ែត្រ គឺដល់ចំណុចទីតាំងតែម្តង និង នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ។
ប្រភពបន្តថា វង់ល្បែងអាប៉ោងរបស់ លោក ភា ខាងលើនេះបានបើកលេង ទាំងយប់ ទាំងថ្ងៃ ដែលមានក្រុមអ្នកញៀនល្បែងចេញចូលមិនដាច់ ហើយលេងចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លារ។ ចំណែកការលេងនេះដែរ ពួកគេបានដូរវិធិសាស្រ្តថ្មី គឺគេមិនដាក់លុយនៅលើតុដូចពេលមុនៗនោះទេ គឺគេដាក់លុយក្នុងថតតុ ចំណែកអ្នកចាក់គេកាន់លុយនៅដៃ លុះពេលស៊ីសងទើបគេដកលុយចេញពីថតតុ ពោលគឺគេលេងដោយមានការប្រុងប្រយ័ត្នបំផុតជៀសវាងបែកធ្លាយរូបភាពចេញមកខាងក្រៅ ។
ប្រភពបន្ថែមថា ថៅកែល្បែងដុះស្លែ ឈ្មោះ ភា នេះបានបើកល្បែងស៊ីសងរាប់ឆ្នាំមកហើយ និងបានប្តូរទីតាំងលែងជាញឹកញាប់ផងដែរ នៅពេលណាដែលបែកធ្លាយដល់អ្នកសារព័ត៌មាន ប៉ុន្តែយ៉ាងណានោះគេមិនបានផ្លាស់ប្តូរទៅណាឆ្ងាយពីខេត្តសៀមរាបនោះទេ។
ពាក់ព័ន្ធទៅនិងការបើកលេងល្បែងអាប៉ោងរបស់ លោក ភា ខាងលើនេះក្រុមអ្នកយកព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅកាន់ លោក មេប៉ុស្តិរដ្ឋបាលសង្កាត់ស្លក្រាម ដើម្បីបំភ្លឺ ដោយលោកមេប៉ុស្តិ បានប្រាប់តាមទូរស័ព្ទថា “កម្លាំងបានចុះទៅចុងភូមិអស់ហើយ..” លុះមួយម៉ោងក្រោយមកក្រុមអ្នកសារព័ត៌មានយើង ក៏បានទូរស័ព្ទទៅម្តងទៀត ប៉ុន្តែលោកមេប៉ុស្តិ៍ក៏លែងលើកទូរស័ព្ទតែម្តង។
ដោយឡែក លោក ដា ចំរើន អធិការនៃ អធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ មិនអាចសុំការបំភ្លឺបានទេដោយសារ “ទូរស័ព្ទខលចូលតែគ្មានអ្នកទទួល..” បន្ទាប់មកទូរស័ព្ទរបស់លោកអធិការ ក៏បានដាក់ក្នុងប្រព័ន្ធជាប់រវល់(Blocked លេខអ្នកសារព័ត៌មានយើង)។
មួយវិញទៀត អង្គភាពសារព័ត៌មានយើង នៅពុំទាន់អាចធ្វើការទំនាក់ទំនងជាមួយ លោក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៅឡើយ ព្រោះប្រភពបានប្រាប់យ៉ាងច្បាស់ថា លោក ភា ក៏មានបើកវង់ល្បែងនេះជាច្រើនកន្លែងផងដែរ នៅក្នុងទឹកដីស្រុកប្រាសាទបាគង។
បញ្ហាល្បែងស៊ីសង ដែលបើកអោយមានការលេងយ៉ាងអនាធិបតេយ្យខាងលើនេះ ប្រជាពលរដ្ឋបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងពីភូមិ ឃុំ សង្កាត់ គ្មានសុវត្ថិភាព ខណៈដែលសមត្ថកិច្ច អសមត្ថភាព មិនហ៊ានបង្ក្រាប ល្បែងស៊ីសង អាប៉ោង របស់ឈ្មោះ លោក ភា ដែលស្ថិតនៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម និង ភូមិសាស្ត្រស្រុកប្រាសាទបាគងខាងលើ។ ជាមួយគ្នានោះមហាជនបានដាក់ការសង្ស័យថា ប្រហែលជាមេល្បែងលោក ភា រូបនោះបានរត់ការរៀបចំកញ្ចប់ជូនសមត្ថកិច្ចពាក់ព័ន្ធ អស់ហើយ ទើបគេអាចបើកលេងបានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចបែបនេះ។
ប្រជាពលរដ្ឋបានធ្វើការគោរពស្នើសុំ លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការឲ្យបានមឹងម៉ាត់ ចំពោះជនខិលខូចលួចលេងល្បែងស៊ីសង(អាប៉ោង) និងអ្នកឃុបឃិតមួយ ចំនួន ដែលបាននឹងកំពុងតែរំលោភបំពាន ជាមួយនឹងអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងអាណត្តិនៅឡើយ៕នាគស