ខេត្តព្រះវិហារ៖ លោក ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម ទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
នាឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ឯក សុខ ធឿន អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងលោកឧត្តមសេនីយ៍ វរសេនីយ៍ ព្រមទាំងនាយ នាយរងនគរបាលជាសិក្ខាកាមជាច្រើនរូបទៀត។
លោក ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម ទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ជូនចំពោះគណៈគ្រប់គ្រងសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នាពេលនោះ។
លោក ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលហ្វឹកហ្វឺន និងខិតខំក្របជញ្ជក់នូវមុខវិជ្ជាទៅតាមកម្មវិធី ដែលបានគ្រោងទុកប្រកបដោយស្មារតីទទួលខុសត្រូវ មានក្រមសីលធម៌ល្អ ដែលទទួលបាននូវចំណោះដឹងជំនាញក្នុងការបម្រើឲ្យការងារការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធភាព ដែលបានឆ្លើយតបទីនិងស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ។
លោក ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ បានកត់សម្គាល់ថា កងកម្លាំងនគរបាលការពារព្រំដែន បានអនុវត្តតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន ដោយបានប្រកៀកស្មារយ៉ាងជិតស្និទជាមួយកងយោធពលខេមរភូមិ្ទ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ ដោយរក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជា៖ ការឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរអាវុធឆ្លងដែន ការជួញដូរគ្រឿងញៀន និងការរត់ពន្ធទំនិញខុសច្បាប់ ។ល។ ដោយបានធ្វើការយាមល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ ព្រមទាំងបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ គ្រោះធម្មជាតិ គ្រោះទឹកជំនន់ បានទាន់ពេលវេលា និងទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសទទួលបានការកោតសរសើរ និងគោរពស្រឡាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ ក៏បានឧបត្ថម្ភថវិកាដល់ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន និងសម្រាប់អាហារសាមគ្គី សរុបថវិកាចំនួន ២០លានរៀល៕នាគស