ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ព្រមទទួលការសុំទោស របស់ក្រុមហ៊ុនពិភពដីមាស ប៉ុន្តែមិនមែនមានន័យថា បញ្ចប់និតិវិធីទៅតុលាការនោះទេ។ នេះបើយោងតាមសំណេរ នៅលើហ្វេសប៊ុកផ្លូវការរបស់ “ស្នងការដ្ឋាននគរបាលខេត្តកំពត” នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣នេះ។
ស្នងការដ្ឋានខេត្តកំពតថា “ខ្ញុំទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយខ្ញុំក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ”។
ស្នងការដ្ឋានខេត្តកំពតបន្តថា ខ្ញុំគ្រាន់តែអនុវត្តទៅតាមតួនាទីភារៈកិច្ចនិងរកយុត្តិធម៏ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ” ។
ស្នងការដ្ឋាននគរបាលខេត្តកំពតបញ្ចាក់ថា ជាចុងក្រោយសូមក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់ មិនមែនខ្ញុំទទួលនូវការសុំទោសហើយនិតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន និតិវិធីនូវតែបន្ត។
សូមជម្រាបជួនថា ឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ឯ.ក ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ខណៈក្រុមអង្គរក្សរបស់លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប ១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានចាប់ខ្លួន ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ពេលចុះអនុវត្តដីកា ក្រុមអង្គរក្សឧកញា បានរារាំងសមត្ថកិច្ច និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។ ក្រោយចាប់ខ្លួនសមត្ថកិច្ចក៍បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។
ក្រោយមក លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ឯ.ក និងគូកនចំនួន ៥នាក់នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្នហើយ ខណៈមនុស្ស៨នាក់ផ្សេងទៀត ដែលតុលាការរកឃើញថា មិនពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅផងដែរ។
ឧកញ៉ា ហ៊ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួនតែម្តង៕នាគស