Tuesday, November 26, 2024

ករណីចាប់ជំរិត សមត្ថកិច្ចឃាត់បានជនជាតិចិន២នាក់ ផ្អើលទាំងព្រឹក 

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់បានជនសង្ស័យចិន ចំនួន ០២នាក់ និងរំដោះបានជនរងគ្រោះម្នាក់ក្នុងករណីចាប់ជំរិត នៅក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា ប្រជាពលរដ្ឋបានប្តឹងរាយការណ៍ថា នៅចំណុច ម្តុំពយកំពេញចាស់ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត និងមានផ្ទុះអាវុធមួយគ្រាប់ផងដែរ ស្ដិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។។

សមត្ថកិច្ចបន្តថា ក្រោយទទួលបានបណ្ដឹង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបន្ថែមថា កម្លាំងជំនាញបានធ្វើការជិះដេញតាមរថយន្ត របស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយ៍ប្រេងសូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋ កំពុងបើកបរបណ្តាលអោយរងរបួសបុរសម្នាក់ជនជាតិខ្មែរ។ បន្ទាប់មករថយន្តរបស់ជនសង្ស័យ បានបន្តបើករត់គេចខ្លួនរហូតដល់ចំណុចមុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រថយន្តរបស់ជនសង្ស័យ បានបន្តបុករថយន្ត ម៉ាក Lexus 570 ពណ៌ស១គ្រឿងទៀត បណ្តាលអោយខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។ ភ្លាមៗ នោះជនសង្ស័យ២នាក់ បានចុះពីរថយន្ត រត់គេចខ្លួនបែកផ្លូវគ្នា ម្នាក់មានអាវុធខ្លី១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀត ក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវច្រករបៀងផ្សារ ពេលនោះកម្លាំងសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ដែលមានអាវុធខ្លី។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួច មកដេញចាក់សមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចបានធ្វើការផ្ទុះអាវុធ២គ្រាប់ ទៅលើដីដើម្បី គំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេង ទើបចាប់ខ្លួនបាននិងនាំទៅព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែកជនរងគ្រោះ ដែលជាជនជាតិចិន ក្នុងអំពើចាប់ជំរិតនេះ ត្រូវបានជនសង្ស័យចាប់ អារកឱ្យរងរបួសកធ្ងន់ធ្ងរ។សមត្ថកិច្ចក៍បាននាំជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួសភ្លាមៗផងដែរ។

សមត្ថបញ្ជាក់បន្ថែមថា បើតាមសមត្ថកិច្ចកម្លាំងជំនាញ ចាប់បានជនសង្ស័យ នៃអំពើចាប់ជម្រិតទារប្រាក់ បាន ២ នាក់ភ្លាមៗ ក្រោយកើតហេតុ បានប៉ុន្មាននាទី នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖

-រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ជាមធ្យោបាយជិះធ្វើសកម្មភាព។

-អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន បង់១មាន ៣គ្រាប់។

(អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)

-កូនកាំបិតចុងស្រួច ០១ដើម។ (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)

-ទូរស័ព្ទដៃ ២គ្រឿង។

-លិខិតឆ្លងដែន ២ក្បាល។

-កាតរឹង ២សន្លឹក។

-កាបូបក្រវាត់ចង្កេះ ១។

-នាឡិកាដៃ ២គ្រឿង។

-ខ្សែ ១ខ្សែ។

បច្ចុប្បន្នសមត្ថបាននឹងកំពុងសួននាំ និង ចាត់ការបន្តតាមនិតិវិធី៕នាគស

ព័ត៌មានពេញនិយម