ខេត្តសៀមរាប៖ រឿងរ៉ាវដែលមន្ទីរសំរាកព្យាបាល សុឹង រិទ្ធីរ៉េត សាខាភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដឹកសពជនរងគ្រោះ សង្ស័យថាបានខ្យល់គរ និងស្លាប់ ខណះពេលដែលដឹកតាមរថយន្តទៅសង្គ្រោះ ដោយយកថ្លៃដឹកសព ចំនួន ៧៥មុឺនរៀល ក្នុងចំងាយផ្លូវជាង៣០គីឡូម៉ែត្រ ពីសៀមរាប ទៅភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣នោះ ពេលនេះ លោក វេជ្ជបណ្ឌិត ហ៊ៀក ប៊ុនលឿន ប្រធានផ្នែកសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានធ្វើការបកស្រាយហើយ។ នេះបើយោងតាម កិច្ចសម្ភាសន៍រវាង អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី និង លោកវេជ្ជបណ្ឌិត ហ៊ៀក ប៊ុនលឿន នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣នេះ។
សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុង៖
វេជ្ជបណ្ឌិត_ហ៊ៀក_ប៊ុនលឿន_20230812_082327
ដោយឡែក អង្គភាពបណ្ដាញ សារព័ត៌មាន គេហទំព័រ គូលែនដេលី បានធ្វើការទំនាក់ទំនងទៅខាង មន្ទីរសំរាកព្យាបាលខាងលើ តែខាងគាត់ថា សុំមិនធ្វើការបកស្រាយទេ។
សូមជម្រាបជួនផងដែរថា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ មានករណីបុរសម្នាក់ដែលមានឈ្មោះថា សើ សំអឿន អាយុ ៦០ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅក្នុង ភូមិអភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចចំណតរថយន្ត មុខប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប។
យោងតាមការរៀបរាប់របស់ស្ត្រីម្នាក់ ដែលអះអាងថា ជាភរិយារបស់ជនរងគ្រោះ ថា គាត់ឈ្មោះ សែម ពៅ អាយុ ៤៨ ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅក្នុង ភូមិអភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប ថាគាត់ទទួលបានព័ត៌មាន ថាប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកឯសាកសពប្ដីរបស់គាត់ ត្រូវបាន មន្ទីរសម្រាកព្យាបាល សុឹង រិទ្ធីរ៉េត បានដឹកយកទៅ និងទុកនៅក្នុងរថយន្តចតខាងមុខមន្ទីរពេទ្យតែម្ដង។
ភរិយាជនរងគ្រោះបានបន្តថា បន្ទាប់ពីទៅដល់មន្ទីរសម្រាប់ព្យាបាលនោះ ក៏ត្រូវបានខាងគេតម្រូវឲ្យបង់លុយ ៨០ ម៉ឺនរៀល ដើម្បីដឹកសពប្ដីរបស់គាត់ ទៅផ្ទះដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប រួមនិងសេវាកម្មដឹកយកមកពីកន្លែងកើតហេតុផង តែគាត់បានសុំបញ្ចុះតម្លៃគេបានត្រឹម ៧៥ ម៉ឺនរៀល។ ដោយជីវិភាពក្រខ្សត់ផងនោះ គាត់ក៍បានខ្ចីប្រាក់គេ បង់ថ្លៃសេវាកម្មនោះសិន ដើម្បីយកសពប្ដីទៅធ្វើបុណ្យ។
ករណីនេះផងដែរ ប្រជាពលរដ្ឋបានសម្ដែងនូវការហួសចិត្តថា ហេតុអ្វីបានជាមន្ទីរសម្រាប់ព្យាបាលខាងលើកនេះ ដឹកសាកសពជនក្រីក្រ ក្នុងចម្ងាយផ្លូវប្រហែល ៣៥ គីឡូម៉ែត្រតែប៉ុណ្ណោះ យកតម្លៃថ្លៃដល់ម្លឹង?
ប្រជាពលរដ្ឋ ក៍បានធ្វើការគោរពស្នើសុំ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយពិនិត្យមើល និងសម្របសម្រួល ចំពោះមន្ទីរសម្រាកព្យាបាលឯកជន ដែលយកថ្លៃសេវាកម្មដឹកសព និងសង្គ្រោះបន្ទាន់ផ្សេងៗ តម្លៃកប់ពពកនេះផង ហើយប្រជាពលរដ្ឋបញ្ជាក់ថា បច្ចុប្បន្ននេះ ពួកគាត់មានការខ្លាចរកអា ក្នុងការឡើងជិះរថយន្តសង្គ្រោះបន្ទាន់ ទាំងនោះខ្លាំងណាស់ ពីព្រោះខ្លាចពុំមានប្រាក់គ្រប់គ្រាន់បង់ថ្លៃសេវា បើទោះបីជាខ្លួនមានរបួសស្នាមគ្រោះថ្នាក់ក៏ដោយ៕នាគក្រហម