ខេត្តសៀមរាប៖ សមត្ថកិច្ចនៅក្បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា លោកកែវ ផល្លា ជាមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកពួក ដែលបើកឡានបុករះ នៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង និងបន្តទៅបុករះ ប៉ុស្តិ៍យាមអតីតមណ្ឌលចត្តាឡីស័ក រថយន្ត Land Rover Discovery និងរុឺម៉ក នៅភូមិចុងកៅស៊ូ សង្កាត់ស្លុក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង 14 និង 00 នាទីថ្ងៃទី 9 ខែសីហា ឆ្នាំ 2023 ម្សិលមិញ មានជាតិស្រវឹងក្នុងខ្លួនតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មុខកាន់អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅរសៀលថ្ងៃទី 10 ខែសីហាឆ្នាំ 2023 នេះ។
សមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 2023 នៅវេលាម៉ោង 16 និង 13នាទី សមត្ថកិច្ច បានទទួលទូរស័ព្ទពីប្រជាពលរដ្ឋ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ 60 ម៉ែត្រ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចំនួន 4 នាក់ បានចុះទៅដល់ទីតាំងកើតហេតុ ពេលទៅដល់ខាងជើងតាម៉ាប់ ទាអាំង ឃើញភាគីរថយន្តហុចលុយអោយទៅភាគីខាងម៉ូតូរុឺម៉ក់ ពេលកងកម្លាំងចុះពីម៉ូតូដើរទៅសួរនាំ ខាងម៉ូតូរុឺម៉កឆ្លើយថាសុីសងគ្នារួចហើយ។ ពេលនោះសមត្ថកិច្ចក៍បានមើលទៅឃើញរថយន្ត Highlander ទៅបុករោងរបស់ ស.ស.យ.ក (ប៉ុស្តិ៍យាមសម័យកូវីត)។ បុករោងរួចរថយន្តបន្តដំណើរទៅមុខទៀត ឃើញហេតុការណ៍របៀបនេះកំលាំងចរាចរណ៍ដែលឡើងទៅមើលរឿងនោះ បាននាំគ្នាឡើងម៉ូតូដេញតាមរថយន្ត។ ពេលទៅជិតដល់រថយន្តឃើញរថយន្ត Highlander បុកគូថរថយន្ត LAND ROVER Discovery ( ចតលើចិញ្ចើមផ្លូវ) បណ្ដាលអោយរថយន្ត LAND ROVER ប៉ើងទៅមុខប្រហែល 20 ម៉ែត្រប៉ះនិងរុឺម៉កដាក់តាំងលក់(ខូចតិចតួច)។
សមត្ថកិច្ចបន្តថា ឃើញសភាពការណ៍បែបនេះ ជំនាញចរាចរណ៍ដែលចុះទៅមើលចំនួន 02នាក់ បាននាំអ្នកបើករថយន្តបង្ករយកមកសួរនាំ និង ធ្វើតេស្តជាតិអាកុល ឃើញ 0.23mg/L នៅស្នាក់ការចរាចរណ៍មាត់ស្ទឹង។
សមត្ថកិច្ចបញ្ជាក់ថា កម្រិតជាតិអាកុលដែលបានរកឃើញ ខាងលើនេះ ជាកម្រិតមួយតិចតួចបំផុត ដែលមិនអាចឈានដល់ការផាកពិន័យបាននោះទេ។ ហើយមូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកបរ បានបើកបររថយន្តទាំងបែកកង់ និងមានសារធាតុអាកុលក្នុងខ្លួនផងដែរ។ បច្ចុប្បន្នភាគីទាំងអស់ បានធ្វើការសម្របសម្រួលបញ្ចប់រឿងសព្វគ្រប់អស់ហើយ។
សូមរំលឹកជូនថា៖ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹង កាលពីវេលាម៉ោង 14 និង 00 នាទីថ្ងៃទី 9 ខែសីហាឆ្នាំ 2023 លោក កែវ ផល្លា ដែលគេស្គាល់ថាជាមន្ត្រី រដ្ឋបាលព្រៃឈើស្រុកពួក បានបើកបររថយន្តម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2W-6201 ក្នុងស្ថានភាពស្រវឹង បុករុឺម៉កម៉ូតូ នៅត្រង់ចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម រួចព្យាយាមរត់គេចទាំងស្ថានភាពបែកកង់មុខផ្នែកខាងស្ដាំ ត្រូវបានប្រជាពលរដ្ឋតាមឃាត់បាន នៅត្រង់ចំណុចខាងកើតផ្សារកុងតឺន័រ៦០ម៉ត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លុកក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៍បានដោះស្រាយសំណងជូនភាគីរុឺម៉កម៉ូតូនៅចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។
ប្រភពដដែលបន្តថា ដោយឃើញភាគីសងខាងត្រូវរូវគ្នាហើយនោះ សមត្ថកិច្ចក៏អនុញ្ញាតឱ្យ អ្នកបើកបររថយន្តបន្តដំណើរទៅមួយទៀត ទាំងដែលរថយន្តនៅបែកកង់មុខខាងស្ដាំនៅឡើយ។ ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីធ្វើដំណើរបានប្រហែល 500 ម៉ែត្រ ក្នុងស្ថានភាពរថយន្តបែកកង់ ហើយអ្នកបើកបរក៏សង្ស័យស្រវឹងទៀតនោះ រថយន្តក៏បានបន្តទៅបុករះ ប៉ុស្តិ៍យាមរបស់មណ្ឌលចត្តាឡីស័ក ឱ្យរាបដល់ដី ប៉ុន្តែរថយន្តនៅតែអាចបន្តដំណើរទៅមុខទៀត រហូតទៅបុកនឹងរថយន្ត Land Rover discovery ពណ៌ប្រផេះក្រម៉ៅ ផ្លាកលេខ ភ្នំពេញ 2Y-0088 និង រុឺម៉ក បណ្ដាលអោយរងការខូចខាត។ ចំណែករថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងមិនអាចបន្តទៅមុខទៀតបាននោះឡើយ។
ប្រភពបានបញ្ជាក់ថា ឃើញសភាពមិនស្រួលបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង ស្ទូចយកវត្ថុតាងទាំងអស់ រួមទាំងអ្នកបើកបររថយន្តបង្ក ទៅកាន់ស្នាក់ការចរាចរណ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។ នៅក្នុងហេតុការណ៍នេះពុំមានបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ៕នាគស