ខេត្តសៀមរាប៖ រថយន្តរបស់មន្ទីរពេទ្យឯកជន មួយកន្លែងនៅក្រុងសៀមរាប យកតំលៃដឹកសាកសព រហូតដល់ ៧៥មុឺនរៀល (សៀមរាប-រុនតាឯក) ហើយសង្ស័យថាមិនបានរាយការណ៍ជូនសមត្ថកិច្ច ចំពោះករណីមានមនុស្សស្លាប់ទេ ទើបសមត្ថកិច្ចថា “រហូតមកដល់ម៉ោងនេះ លោក មិនទាន់បានទទួលព័ត៌មាននេះផង”។ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី ទទួលបាននៅព្រលប់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣ នេះ។
ករណីបុរសម្នាក់ដែលមានឈ្មោះថា សើ សំអឿន អាយុ ៦០ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅក្នុង ភូមិអភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចចំណតរថយន្ត មុខប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣។
ប្រភពបានឲ្យដឹងថា បុរសខាងលើបាន ដួលសន្លប់ទៅលើដី បន្ទាប់ពីប្រាប់ទៅអ្នកក្បែរនោះ ថាខ្លួនចុកឆ្អល់កពោះ។ បន្ទាប់ពីឮបុរសរងគ្រោះខាងលើពោលពាក្យដូច្នោះ អ្នកក្បែរនោះក៏បានដើរទៅរក ប្រេងកូឡាយកមកឱ្យ ប៉ុន្តែកុំទាន់បានប្រេងកូលាផង ស្រាប់តែបុរសនោះបានដួលសន្លប់ស្ដូកស្ដឹងទៅលើដីបាត់ទៅហើយ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញសភាពមិនស្រួលរបស់ជនគ្រោះ អ្នកក្បែរនោះបានទាក់ទងហៅរថយន្តសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាលដ៏ល្បីឈ្មោះមួយកន្លែង ដើម្បីយកទៅព្យាបាល។ ប៉ុន្តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត នៅលើរថយន្តសង្គ្រោះនោះទៅហើយ។
បទយោងតាមការរៀបរាប់របស់ស្ត្រីម្នាក់ ដែលអះអាងថា ជាភរិយារបស់ជនរងគ្រោះ ថា គាត់ឈ្មោះ សែម ពៅ អាយុ ៤៨ ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅក្នុង ភូមិអភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប តាត់ទទួលបានព័ត៌មានថាប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកឯសាកសពប្ដីរបស់គាត់ ត្រូវបានមន្ទីរសម្រាកព្យាបាលឯកជនមួយដឹកយកទៅ និងទុកនៅក្នុងរថយន្តចតខាងមុខមន្ទីរពេទ្យតែម្ដង។
ភរិយាជនរងគ្រោះបានបន្តថា បន្ទាប់ពីទៅដល់មន្ទីរសម្រាប់ព្យាបាលនោះ ក៏ត្រូវបានខាងគេតម្រូវឲ្យបង់លុយ ៨០ ម៉ឺនរៀល ដើម្បីដឹកសពប្ដីរបស់គាត់ ទៅកាន់ផ្ទះគាត់ដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប តែគាត់បានសុំបញ្ចុះតម្លៃគេបានត្រឹម ៧៥ ម៉ឺនរៀល។
ភរិយាជនរងគ្រោះបានបញ្ជាក់ថា ក្នុងការដែលទទួលយកសព ពីមន្ទីរសម្រាប់ព្យាបាលខាងលើ គាត់កុំឃើញមានសមត្ថកិច្ចណាមកសួរនាំ និងធ្វើរបាយការណ៍អ្វីនៅឡើយ។
ប្រជាពលរដ្ឋបានសម្ដែងនូវការហួសចិត្តថា ហេតុអ្វីបានជាមន្ទីរសម្រាប់ព្យាបាលខាងលើកនេះ ដឹកសាកសពជនក្រីក្រ ក្នុងចម្ងាយផ្លូវប្រហែល ៣៥ គីឡូម៉ែត្រតែប៉ុណ្ណោះ យកតម្លៃថ្លៃដល់ម្លឹង?
ប្រជាពលរដ្ឋ បានធ្វើការគោរពស្នើសុំ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយពិនិត្យមើល និងចាត់វិធានការ ចំពោះ មន្ទីរសម្រាកព្យាបាលឯកជន ដែលយកថ្លៃសេវាកម្មដឹកសព និងសង្គ្រោះបន្ទាន់ផ្សេងៗ តម្លៃកប់ពពកនេះផង ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានការខ្លាចរកអា ក្នុងការឡើងជិះរថយន្តសង្គ្រោះបន្ទាន់ ទាំងនោះខ្លាំងណាស់ ពីព្រោះខ្លាចពុំមានប្រាក់គ្រប់គ្រាន់បង់ថ្លៃសេវា បើទោះបីជាខ្លួនមានរបួសស្នាមគ្រោះថ្នាក់ក៏ដោយ។
ជុំវិញករណីនេះ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅពុំទាន់អាចធ្វើការស្នើសុំ បកស្រាយជុំវិញករណីនេះ ពីលោកបញ្ជាក់បណ្ឌិត ក្រុស សារ៉ាត់ និងម្ចាស់មន្ទីរសម្រាប់ព្យាបាលខាងលើនៅឡើយទេ។ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី រង់ចាំការបកស្រាយ ពីភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕នាគក្រហម