រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានគោរមងារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា “កិត្តិទេសាភិបាលបណ្ឌិត” ។ នេះបើយោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/១៧៨០ ស្ដីអំពីការផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តមបំផុត នៃរាជបណ្ឌិតសភាកម្ពុជា ឡាយព្រះហស្ថលេខាដោយ ព្រះមហាក្សត្រកម្ពុជា ដែលអង្គភាព បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី ទទួលបាននូវរសៀលថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣ នេះ។
អង្គភាពសារព័ត៌មាន គូលែនដេលី សូមសម្តែងនូវមនោសញ្ចេតនា ប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិតសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត”។
ការទទួលបាននូវគោរមងារជា “កិត្តិទេសាភិបាលបណ្ឌិត” របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុត និងជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគស