Tuesday, November 26, 2024

លោកនាយករដ្ឋមន្ត្រីថ្មី ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ ជាមួយប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីថ្មី ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ ជួនប្រជាជនកម្ពុជា។ នេះបើយោងតាម facebook ផ្លូវការ របស់លោក ដែលមានឈ្មោះថា “Hun Manet” នៅព្រឹកថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជារូបនេះបានថ្លែងថា ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនថា ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕នាគស

ព័ត៌មានពេញនិយម