រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅក្នុងនីតិកាលទី៧ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។
ថាតើលោកនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះមានប្រវត្តិបែបណា?
កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេល ដែលសម័យខ្មែរក្រហម គ្រប់គ្រងប្រទេសកម្ពុជាលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបការជាមួយលោកស្រី ពេជ ច័ន្ទមុនី មានកូន ៣នាក់ (ស្រី ២នាក់ ប្រុសម្នាក់)។
ក្នុងជួរកងទ័ព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ ផ្កាយមាស៤ ដែលមានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ព្រមទាំងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០១៨។
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ លំដាប់លេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា។
ក្នុងការសិក្សា កាលនៅថ្នាក់វិទ្យាល័យ លោក ហ៊ុន ម៉ាណែត គឺជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ លោក ហ៊ុន ម៉ាណែត ក៏ជាជនជាតិកម្ពុជាដំបូងគេ ដែលបានសិក្សា នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York ព្រមទាំងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
ក្នុងសំបុត្រសម្ងាត់មួយ ដែលសម្តេចតេជោ ទម្លាញឲ្យដឹងលើបណ្តាញសង្គម បង្ហាញថា ក្នុងសំបុត្រសម្ងាត់ នៅឆ្នាំ១៩៩៤ កូនប្រុសសម្តេច គឺលោក ហ៊ុន ម៉ាណែត ដែលពេលនោះ កំពុងសិក្សានៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់ មួយច្បាប់ មកសម្តេច ដើម្បីស្នើសុំសម្តេច ចូលរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ជាមួយនឹងការប្តេជ្ញា រៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។
សំបុត្រសម្ងាត់ ក៏បានបង្ហាញថា លោក ហ៊ុន ម៉ាណែត បានចូលទៅធ្វើកម្មសិក្សា នៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារ នៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យញ៉ូវយ៉ក។ លោក ហ៊ុន ម៉ាណែត ធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំង ដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស លោក ហ៊ុន ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជា សម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះ សម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅពេលកូវីដឆ្លងរាតត្បាត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមយ៉ាងសកម្ម ពិសេសតាមរយៈក្រុមគ្រូពេទ្យធីតា ក្រោមការដឹកនាំរបស់ភរិយាលោកផ្ទាល់។ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ក៏ជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ផងដែរ។
ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
ក្រោយការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតឡើយ បន្ទាប់ពីសម្តេច បានកាន់តំណែងនេះ អស់រយៈពេលជាង ៣៨ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីយូរជាងគេ នៅលើពិភពលោក។ សម្តេចតេជោ បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅអាណត្តិទី៧ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។
សេចក្តីប្រកាសផ្ទាល់មាត់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយគ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្រ យកថ្ងៃចន្ទ ទី៧ ខែសីហា ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីឱ្យនាយករដ្ឋមន្ត្រីថ្មី មានលទ្ធភាព រៀបចំរាជរដ្ឋាភិបាលថ្មី។
សម្តេចតេជោ ហ៊ុន សែន បន្តថា កាលបរិច្ឆេទប្រជុំសភាថ្មី ក្រោយការបោះឆ្នោត គឺព្រះមហាក្សត្រ នឹងកោះប្រជុំរដ្ឋសភាថ្មី នៅថ្ងៃទី២១ ខែសីហា។ នៅពេលល្ងាចថ្ងៃទី២១សីហា សមាជិករដ្ឋសភា នឹងស្បថ ចូលកាន់តំណែង។ នៅថ្ងៃទី២២សីហា ពេលព្រឹក រដ្ឋសភា នឹងប្រជុំក្រោមអធិបតីព្រឹទ្ធបុរស ( អ្នកជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលមានអាយុច្រើនជាងគេ ) ដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី ហើយនៅល្ងាច ថ្ងៃទី២២សីហា គណៈរដ្ឋមន្ត្រីថ្មី នឹងស្បថចូលកាន់តំណែង។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់សាជាថ្មីថា សម្តេចនៅតែជាតួអង្គនយោបាយ ដែលដឹកនាំប្រទេស គឺសម្តេច នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិករដ្ឋសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ។ នៅពេលបោះឆ្នោតព្រឹទ្ធសភារួច នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយអាចថា នៅខែមីនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាប្រធានព្រឹទ្ធសភា ដែលនឹងកាន់តំណែងជាប្រមុខរដ្ឋស្តីទី នៅពេលព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញទៅក្រៅប្រទេស៕ប្រភព៖ You Malin