ខេត្តសៀមរាប៖ ព្រៃឈើនៅតែបន្តរងនូវការកាប់បំផ្លាញ និងដឹកចេញពីព្រៃក្នុងខេត្តព្រះវិហារ ដោយឆ្លងកាត់ស្រុកស្វាយលើ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប ដើម្បីធ្វើការលក់ចែកចាយបន្ត ប៉ុន្តែគ្មានមន្ត្រីជំនាញណាម្នាក់បង្ក្រាបនោះឡើយ។ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបអោយ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី បានដឹងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា មានក្រុមឈ្មួញជាច្រើន បាននាំគ្នាកាប់បំផ្លាញព្រៃឈើ ទាំងធំទាំងតូច មានទាំងកូនឈើស្រស់កាត់ផ្សាំ ឈើសំណង់ ឈើគ្រឿងសង្ហារឹម និងឈើក្រាក់ ដឹកចេញពីព្រៃក្នុងខេត្តព្រះវិហារ ឆ្លងកាត់ភូមិសាស្ត្រស្រុកស្វាយលើ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប កាត់តាមទីស្នាក់ការបរិស្ថានស្រុក និងស្នាក់ការសង្កាត់រដ្ឋាបាលព្រៃឈើស្រុក ដែលមាន លោក ម៉ែន វុទ្ធី ហៅ “ឡយ” ជាប្រធានស្នាក់ការ មិនដែលឃើញជំនាញទាំងនោះធ្វើការបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបន្តថា ជាក់ស្តែងកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋបានប្រទះឃើញក្រុមឈ្មួញចំនួន ៣នាក់ ដែលមានដូចជា ឈ្មោះ សិទ្ធិ , ឈ្មោះ ង៉ាន និងឈ្មោះ ថា ដែលគេស្គាល់ថាជា ក្រុមឈ្មួញជើងខ្លាំង បានធ្វើការដឹកជញ្ជួនសុទ្ធតែឈើឆៅទាំងអស់។ ដោយឡែក ក៍មានឈ្មួញផ្សេងទៀត ដែលបាននឹងកំពុងតែដឹកជញ្ជូនឈើក្រាក់ និង ឈើស្រស់កាត់ផ្សាំ យ៉ាងគគ្រឹកគគ្រេងផងដែរ ដោយមានការដឹកឆ្លងកាត់ស្រុកស្វាយលើរៀងរាល់ថ្ងៃ ប៉ុន្តែមិនមានមន្ត្រីជំនាញណា ជាពិសេស លោក ម៉ែន វុទ្ធី ហៅ “ឡយ” ដែលជាប្រធានស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយលើរូបនេះ បង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មូលហេតុដែល លោក ម៉ែន វុទ្ធី ហៅ “ឡយ” និងមន្ត្រីជំនាញទាំងនោះ មិនធ្វើការបង្ក្រាប សង្ស័យពួកគេត្រូវរូវគ្នាអស់ហើយ ទើបបានជាមានដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ឆ្លងកាត់មុខស្នាក់ការហើយ បែជាធ្វើមិនឃើញបែបនេះទៅវិញ។
ជុំវិញករណីនេះ អង្គភាព បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែន ដេលី នៅពុំទាន់អាច ទទួលបានការបំភ្លឺ លោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋាបាលព្រៃឈើខេត្តសៀមរាបនៅឡើយទេ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ បានធ្វើការគោរពស្នើរសុំ សូមលោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋាបាលព្រៃឈើ និងជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការទប់ស្កាត់ និងបង្ក្រាបដល់ក្រុមឈ្មួញទាំងអស់នេះផង ព្រោះថាក្រុមនេះហើយជាអ្នកបំផ្លាញព្រៃឈើ បើគ្មានក្រុមឈ្មួញចាំដឹកជញ្ជូនទេ ក៏គ្មានអ្នកកាប់ដែរ បើមិនដូច្នោះទេ កូនចៅជំនាន់ក្រោយ និងលែងដឹងថាប្រទេសកម្ពុជា មានប្រភេទឈើទាំងនោះទៀតហើយ ៕នាគក្រហម